ស្វាយរៀង ៖ ជ្រូករស់មកពីថៃ ប្រមាណពី៦០ទៅ៧០តោន ក្នុងមួយថ្ងៃ ត្រូវបានក្រុមឈ្មួញដឹកពីព្រំដែនភាគខាងលិច នាំយកទៅលក់អោយឈ្មួញវៀតណាម នៅតាមច្រកព្រំដែន មួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ក្រោមការឃ្លាំមើលសុខភាពសត្វពីមន្ត្រីបសុពេទ្យ ដែលប្រចាំការក្នុងតំបន់គោលដៅ ក្រោមច្បាប់ធ្វើអាជីវកម្មរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
លោក ប៉ែន ចន្ធី ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែកញ្ញាបានប្រាប់ BTV តាមទូរស័ព្ទថា ជារៀងរាល់ថ្ងៃក្រុមឈ្មួញ បានដឹកជញ្ជូនជ្រូករស់របស់ថៃ ក្នុងមួយថ្ងៃប្រមាណពី៦០ ទៅ៧០តោន ឆ្លងកាត់ខេត្តឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជាវៀតណាម ដើម្បីលក់ ដោះដូរក្រោមច្បាប់ធ្វើអាជីវកម្មរបស់ក្រសួង។ លោក បន្តថា ជ្រូកដែលក្រុមឈ្មួញកម្ពុជាដឹកចេញពីប្រទេសថៃ ឆ្លងចូលកម្ពុជា រួចដឹកបន្តមកដល់ខេត្តស្វាយរៀង ដើម្បីលក់អោយឈ្មួញវៀតណាម តាមរថយន្តធុនធំៗ ក្នុងមួយថ្ងៃដឹកប្រមាណ ពី៦០០ ទៅជិត ១ ពាន់ ៥០០ ក្បាល តាមការអនុញ្ញាតច្បាប់ពីក្រសួង ឯការិយាល័យផលិតកម្មបសុព្យាបាលខេត្ត បានត្រឹមតែត្រួតពិនិត្យច្បាប់ និងសុខភាពសត្វនៅពេលក្រុមឈ្មួញដឹកឆ្លងកាត់ខេត្ត និងចូលរួមសម្របសម្រួលជាមួយមន្ត្រីមានសមត្ថកិច្ចព្រំដែន និងធ្វើសេចក្តីជូនដំណឹង ទៅក្រុមហ៊ុន ឬទៅក្រសួងវិញ បន្ទាប់ពីមន្ត្រីជំនាញ ត្រួតពិនិត្យឃើញសត្វមានសុខភាពមិនល្អ។
របាយការណ៍ របស់ការិយាល័យផលិតកម្មបសុព្យាបាលខេត្ត ដែលBTV ទទួលបានតាមសារតេឡេក្រាម បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីជម្ងឺប៉េស្តអាហ្វ្រិក បង្កនិងសម្លាប់ជ្រូកនៅក្នុងខេត្ត បានស្ងប់ រហូតមកដល់បច្ចុប្បន្ន ក្រោមការផ្តល់ពូជជ្រូក នៅតំបន់ផ្ទុះជំងឺជ្រូក ក្នុងស្រុកស្វាយជ្រំ ពលរដ្ឋខេត្តស្វាយរៀង និងពលរដ្ឋនៅក្នុងសហគមន៍ បានចិញ្ចឹមជ្រូកឡើងវិញ បានប្រមាណជិតមួយសែនក្បាល គោក្របី ជាង៥សែនក្បាល និងមាន់ ទារ បានជាង១លានក្បាល ដើម្បីនិរន្តភាពជីវភាពប្រចាំថ្ងៃ និងបង្កើនប្រាក់ចំណូលគ្រួសារ ៕
អត្ថបទ ៖ ភា សារិត



