
ពលរដ្ឋរស់នៅក្នុងទីក្រុង Belgradeប្រទេសស៊ែរប៊ី នាំគ្នាសម្រុកធ្វើដំណើរទៅកាន់បឹង Ada Ciganlija សួនបាញ់ទឹក និងហាងកាហ្វេ ពេលដែលសីតុណ្ហភាពនៅក្នុងទីក្រុងមួយនេះ កើនឡើងដល់ ៣៩អង្សាសេ ស្របពេលដែលរដ្ឋាភិបាលបញ្ជាឲ្យក្រុមនិយោជក ការពារកម្មករបស់ខ្លួនពីរលកកម្តៅ ។
ក្រុមអាជ្ញាធរសុខភាព ដែលបានប្រកាសអាសន្នអាកាសធាតុកម្រិតពណ៌ក្រហមនោះ និយាយប្រាប់ប្រជាពលរដ្ឋកុំឲ្យចេញក្រៅផ្ទះ ។
សេវាកម្មសង្រ្គោះបន្ទាន់ទីក្រុង Belgrade និយាយថា ក្រុមគ្រូពេទ្យរបស់ខ្លួន បានធ្វើអន្តរាគមន៍ ១០៩លើក កាលពីយប់កន្លងទៅ ដើម្បីព្យាបាលអ្នកជំងឺបេះដូង និងអ្នកមានជំងឺរ៉ាំរ៉ៃ ។
នៅក្នុងប្រទេសជិតខាងម៉ុងតេណេហ្គ្រោ ភ្ញៀវទេសចរនាំគ្នាហែលទឹកលេងនៅតាមតំបន់ឆ្នេរ Adriatic និងតំបន់ទេសចរណ៍ Ada Bojana ហើយក្រុមអាជ្ញាធរសុខភាព បានព្រមានពលរដ្ឋឲ្យជ្រកម្លប់រហូតដល់ផុតថ្ងៃរសៀល ។
ដោយឡែក ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានី Skopje សាធារណរដ្ឋម៉ាសេដូនីខាងជើង នាំគ្នាហែលទឹកទន្លេលេងផងដែរ ដើម្បីរកភាពត្រជាក់ ស្របពេលដែលបណ្តាប្រទេសនៅទូទាំងតំបន់បាល់កង់ ប្រឈមនឹងរលកកម្តៅខ្លាំង ។
ទីភ្នាក់ងារឧតុនិយមម៉ាសេដូនីខាងជើង បានព្យាករណ៍ថា សីតុណ្ហភាពនឹងកើនឡើងដល់ ៣៩អង្សាសេនៅរដ្ឋធានី Skopje ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ខណៈក្រុមអាជ្ញាធរប្រទេសជិតខាងស៊ែរប៊ី បានចេញការព្រមានរួចទៅហើយពីសីតុណ្ហភាពខ្ពស់ខ្លាំង ក្នុងសប្តាហ៍នេះ ៕