ភ្នំពេញ ÷ តបតាមការណែនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមន្ទីរពេទ្យកាល់ម៉ែត បានទទួលជំនួបនិងដំណើរទស្សនកិច្ច របស់ឯកឧត្តមវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅ អំពីដំណើរមកដល់របស់ឯកឧត្តមវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា និងគណៈប្រតិភូអង្គការសុខភាពពិភពលោក។ នាជំនួប និងដំណើរទស្សនកិច្ចនោះក៏មានការចូលរួមដោយឯកឧត្តម ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យកាល់ម៉ែត ជាច្រើនរូបផងដែរ។
ដោយបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការជម្រាបជូនពីប្រវត្តិនៃមន្ទីរពេទ្យវឌ្ឍនភាព និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងនាមជាមន្ទីរពេទ្យថ្នាក់ជាតិ។
ឯកឧត្តមវេជ្ជបណ្ឌិតនាយកអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានសម្តែងនូវក្តីរីករាយ និងបានកោតសរសើរខ្ពស់អំពីប្រវត្តិ នៃកំណែទម្រង់ប្រព័ន្ធសុខាភិបាលថ្នាក់ជាតិ និងវឌ្ឍនភាពទៅលើវិស័យសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ ជាពិសេសចំពោះមន្ទីរពេទ្យកាល់ម៉ែតផ្ទាល់តែម្តង។ គួរជម្រាបផងដែរថា ដំណើរទស្សនកិច្ច របស់ប្រតិភូអង្គការសុខភាពពិភពលោកនេះ គឺដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាលកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យ បានបន្តជូនគណៈប្រតិភូទាំងអស់ ដើម្បីទស្សនកិច្ច អំពីការផ្តល់សេវាសុខាភិបាល នៅតាមផ្នែកមួយចំនួនដូចជា៖ សេវាពិគ្រោះជំងឺក្រៅ ផ្នែកប្រដាប់រំលាយ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវិទ្យុសាស្ត្រ និងផ្នែកជំងឺមហារីកជាដើម។
ឯកឧត្តមវេជ្ជបណ្ឌិតនាយកអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងគណៈប្រតិភូ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផល វឌ្ឍនភាព របស់មន្ទីរពេទ្យផ្ទាល់ ក៏ដូចជាក្រោមការដឹកនាំដោយក្រសួងសុខាភិបាលផងដែរ។ បន្ថែមពីនេះផងដែរ ឯកឧត្តមបានប្តេជ្ញា ក្នុងការចូលរួមចំណែកគាំទ្រដល់ប្រព័ន្ធសុខាភិបាលតាមរយៈយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសុខភាពពិភលោក សម្រាប់ឆ្នាំ២០២៥-២០២៨។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់គណៈប្រតិភូអង្គការសុខភាពពិភពលោក ដែលការប្តេជ្ញាចិត្តខ្ពស់ លើកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីចូលរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ រដ្ឋា
























