
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) នេះ បាននិយាយថា រុស្ស៊ីមានមហិច្ឆតាចង់ធ្វើជាដៃគូជាមួយប្រទេសវៀតណាមខាងផ្នែកថាមពល និងសន្តិសុខ ដោយការលើកឡើងនេះកើតមាន អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃរបស់លោក នៅប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី ដែលជាប្រភពថាមពល និងធនធានធម្មជាតិ ហើយនិងថាមពលនុយក្លេអ៊ែរដ៏សំខាន់ បានធ្វើការផ្លាស់ប្ដូរយ៉ាងសំខាន់បង្វែរមកកាន់តំបន់អាស៊ី បន្ទាប់ពីលោកខាងលិច បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ដោយសារជម្លោះ នៅប្រទេសអ៊ុយក្រែន។
មួយថ្ងៃបន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើង លោក Putin បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងហាណូយ ចាប់អារម្មណ៍ជាមួយគ្នា ក្នុងការកសាងនូវអ្វីដែលលោកឲ្យឈ្មោះថា ផែនការសន្តិសុខដែលអាចទុកចិត្តបាន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ជាមួយគ្នានេះ លោក Putin បានលើកឡើងទៀតថា៖ «យើងក៏នឹងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងទាំងនេះ នៅក្នុងវិស័យថាមពល និងឧស្ម័ន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដល់ការងារនៃបណ្ដាក្រុមហ៊ុនរបស់យើង»។
សូមបញ្ជាក់បន្ថែមថា មេដឹកនាំរុស្ស៊ីបានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ជាមួយប្រធានាធិបតីវៀតណាម លោក To Lam៕