
ក្រុមអ្នកការទូត នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) នេះ បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី១៤ ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមរបស់ប្រទេសនេះ នៅអ៊ុយក្រែន ក្នុងនោះមានរួមទាំងការដាក់កម្រិតជាលើកដំបូងលើឧស្ម័នរុស្ស៊ីផងដែរ។
កញ្ចប់ទណ្ឌកម្មនេះ ហាមឃាត់ដល់ការនាំចេញឡើងវិញនូវឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី នៅក្នុងដែនទឹករបស់ EU ប៉ុន្តែបញ្ឈប់ភ្លាមៗនូវការហាមឃាត់ការនាំចូល ដូចដែលប្លុកនេះបានធ្វើក្នុងឆ្នាំ២០២២ សម្រាប់ប្រេងបញ្ជូនតាមសមុទ្ររបស់រុស្ស៊ី។ ប្រទេសសមាជិក EU មួយចំនួន នៅតែនាំចូលដដែលនូវឧស្ម័នបង្ហូរតាមបំពង់ពីរុស្ស៊ីតាមរយៈអ៊ុយក្រែន។
តែទោះជាយ៉ាងណាក្ដី អ្នកជំនាញទីផ្សារឧស្ម័ន លើកឡើងថា វិធានការនេះនឹងមានផលប៉ះពាល់តិចតួច ព្រោះការបញ្ជូនឧស្ម័នឆ្លងកាត់តាមកំពង់ផែ EU ទៅកាន់តំបន់អាស៊ីតំណាងឲ្យប្រហែលតែ ១០ភាគរយប៉ុណ្ណោះនៃការនាំចេញ LNG សរុបរបស់រុស្ស៊ី។
ជាមួយគ្នានេះ ក្រុមអ្នកការទូតបាននិយាយថា កញ្ចប់ទណ្ឌកម្មនេះ ក៏អនុវត្តផងដែរចំពោះគម្រោង LNG ចំនួន៣ របស់រុស្ស៊ី និងរួមបញ្ចូលលក្ខខណ្ឌដែលត្រូវបានកំណត់ឡើង ដើម្បីអនុញ្ញាតឲ្យប្រទេសស៊ុយអែត និងហ្វាំងឡង់លុបចោលកិច្ចសន្យា LNG របស់រុស្ស៊ី។
តាមរយៈវេទិការបស់បណ្ដាញសង្គម X ប្រទេសបែលហ្ស៊ិកដែលកាន់តំណែងជាប្រធានប្ដូរវេនរបស់ EU រហូតដល់ថ្ងៃទី១ ខែកក្កដានោះ បានឲ្យដឹងថា កញ្ចប់នេះ «ធ្វើឲ្យកាន់តែប្រសើរឡើងនូវផលប៉ះពាល់នៃទណ្ឌកម្មដែលមានស្រាប់ដោយការបិទចន្លោះប្រហោងនានា»៕