ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ថា រុស្ស៊ីអាចនឹងផ្គត់ផ្គង់សព្វាវុធដល់ប្រទេសកូរ៉េខាងជើង នៅក្នុងអ្វីដែលលោកបានលើកឡើងថា ជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះសព្វាវុធរបស់លោកខាងលិច ដែលបានឱ្យដល់អ៊ុយក្រែន។

លោក ពូទីន បានលើកឡើងបែបនេះនិយាយទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាម មួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយមេដឹកនាំរបស់ប្រទេសនេះគឺលោក គីម ជុងអ៊ុន (Kim Jong Un)។

បណ្តាប្រទេសលោកខាងលិច បានចោទកូរ៉េខាងជើងថាជារដ្ឋផ្ដាច់ការ ដោយសារតែការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយចាត់ទុកទំនាក់ទំនងដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ថាជាក្តីបារម្ភយ៉ាងខ្លាំង។
លោក ពូទីន បានគំរាមកាលពីដើមខែនេះថា រុស្ស៊ីអាចផ្គត់ផ្គង់អាវុធដល់សត្រូវរបស់លោកខាងលិច ដោយសារតែលោកខាងលិចកំពុងផ្តល់អាវុធដែលមានភាពជាក់លាក់ខ្ពស់ដល់អ៊ុយក្រែន និងផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធទាំងនោះទៅកាន់គោលដៅនៅក្នុងប្រទេសរុស្ស៊ី។

នៅក្នុងការអត្ថាធិប្បាយចុងក្រោយរបស់ខ្លួន លោក ពូទីន បាននិយាយថា កូរ៉េខាងជើងអាចជាអ្នកទទួលអាវុធរុស្ស៊ីបែបនេះ។ លោកនិយាយថា ទីក្រុងមូស្គូ រំពឹងថាកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកូរ៉េខាងជើងនឹងបម្រើជាការរារាំងដល់លោកខាងលិច ប៉ុន្តែថាមិនចាំបាច់ប្រើប្រាស់ទាហានកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅអ៊ុយក្រែននោះទេ៕