សារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ក្នុងពិធីបុណ្យហាជី នៅឆ្នាំនេះ កើនឡើងលើសពី១.០០០នាក់ ដែលច្រើនជាងពាក់កណ្តាលនៃអ្នកគោរពបូជា ពុំបានចុះឈ្មោះ ជាអ្នកបានមកធ្វើធម្មយាត្រាក្នុងពេលមានរលកកម្តៅខ្លាំង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

អ្នកស្លាប់ថ្មី ដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍រួមមាន៥៨នាក់មកពីប្រទេសអេហ្ស៊ីប ហើយយោងតាមអ្នកការទូតអារ៉ាប់ដែលផ្តល់ការវិភាគស្ថិតិបង្ហាញថា ក្នុងចំណោមអ្នកស្លាប់សរុប៦៥៨នាក់ មកពីប្រទេសនេះ មាន៦៣០នាក់ មិនបានចុះឈ្មោះ។

អ្នកចូលរួមទាំងអស់មកពីប្រទេសចំនួន១០ ត្រូវបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន១.០៨១នាក់ ក្នុងអំឡុងពេលធម្មយាត្រាប្រចាំឆ្នាំ ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ដែលប្រជាជនមូស្លីមទាំងអស់ត្រូវតែបំពេញយ៉ាងហោចណាស់ឲ្យបានម្តង។
មជ្ឈមណ្ឌលឧតុនិយមជាតិ បានរាយការណ៍ថាមានកម្រិតខ្ពស់នៃកម្តៅឡើងដល់ ៥១,៨ អង្សារសេ នៅដើមសប្តាហ៍នេះ នៅវិហារធំ ហ្គ្រេនម៉ស(Grand Mosque) ក្នុងទីក្រុងម៉េកា(Mecca)។
ក្រសួងការបរទេសរបស់ប្រទេសហ្ស៊កដានី បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍ដែលបញ្ជាក់ពីការស្លាប់ជនជាតិរបស់ខ្លួនចំនួន៦៨នាក់ ដែលបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតសម្រាប់ពិធីបុណ្យហាជី និងបាននិយាយបន្ថែមថា មនុស្ស១៦នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។
ក្រសួង និយាយថា អ្នកដែលបានស្លាប់ ត្រូវបានគេបញ្ចុះនៅក្នុងទីក្រុង Mecca តាមការចង់បានរបស់ក្រុមគ្រួសាររបស់ពួកគេ។

អាជ្ញាធរប្រទេសអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា បានឲ្យអ្នកធ្វើធម្មយាត្រារាប់សែននាក់ចាកចេញជាអ្នកដែលពុំបានចុះឈ្មោះនៅទីក្រុង Mecca កាលពីដើមខែនេះ ប៉ុន្តែវាហាក់ដូចជាមនុស្សជាច្រើននៅតែចូលរួមក្នុងពិធីសំខាន់ៗ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន។