ស្នូកឃ័រ៖ កីឡាករស្នូកឃ័រជើងចាស់ Stephen Hendry រកបានជ័យជំនះដំបូងក្នុងការប្រកួតផ្លូវការតាំងពីវិលពីចូលនិវត្តន៍ ក្រោយយកឈ្នះកីឡាករ Chris Wakelin ជុំទី១ British Open។ នេះជាការប្រកួតកម្មវិធីផ្លូវការទី៣ ហើយសំរាប់អតីតជើងឯក British Open នេះ ៤សម័យ Stephen Hendry តាំងពីសំរេចចិត្តមកប្រកួតវិញ។

កីឡាករវ័យ ៥២ឆ្នាំរូបនេះក្រោយ ៤ហ្វ្រេមស្មើគ្នា ២-២ ជាមួយ Chris Wakelin មុនពេលយកឈ្នះនៅហ្វ្រេមកាត់សេចក្តី។ រំលឹកថា តាំងពីប្រកាសចូលនិវត្តន៍ពីកីឡាករអាជីពស្នូកឃ័រនៅឆ្នាំ២០១២ កីឡាករជើងឯកពិភពលោក ៧សម័យ Stephen Hendry ឆ្នាំមុនក៏ទទួលបានលិខិតអញ្ជើញឱ្យចូលរួមការប្រកួត Snooker World Tour ពីរឆ្នាំហើយក៏បានចូលរួមការប្រកួតដំបូងកាលពីខែមីនាកម្មវិធី Gibraltar Open តែចាញ់កីឡាករ Matthew Selt នៅជុំដំបូង។
ចំណែកព្រឹត្តិការណ៍កីឡាស្នូកឃ័រជើងឯក British Open ត្រូវបានរៀបចំឡើងវិញជាលើកដំបូងក្នុងឆ្នាំនេះ បន្ទាប់ពីអវត្តមានពី World Snooker Tour រយៈពេល ១៧ឆ្នាំ។ British Open គឺជាការប្រកួតរបស់ក្របខណ្ឌ World Snooker Tour ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០០៤ ដោយចុងក្រោយបំផុតនៅឆ្នាំ២០០៤ នោះធ្វើឡើងនៅទីក្រុង Brighton អ្នកឈ្នះគឺ John Higgins៕
អត្ថបទ៖នាង សុភាវុធ