សេតវិមានបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការរិះគន់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu លើសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២០ ខែមិថុនា ខណៈមានភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំងពីរជុំវិញសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។

ការឆ្លើយតបរបស់សេតវិមានបានកើតឡើង ស្របពេលទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបជាមួយមន្ត្រីជំនិតជាន់ខ្ពស់ពីររូបរបស់លោក Netanyahu ដើម្បីពិភាក្សាពីជម្លោះ ក្នុងដែនដីហ្កាហ្សា និងបញ្ហាផ្សេងៗទៀត។ កិច្ចពិភាក្សាស្រដៀងគ្នានេះត្រូវបានរំពឹងទុករវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងមន្ត្រីអ៊ីស្រាអែល។

លោក Netanyahu កាលពីថ្ងៃអង្គារបានចេញវីដេអូជាភាសាអង់គ្លេសដែលលោកបាននិយាយថា លោក Blinken បានធានាដល់រូបលោកថារដ្ឋបាលលោក Biden កំពុងធ្វើការដើម្បីដកការរិតត្បិត លើការផ្តល់អាវុធដល់អ៊ីស្រាអែល ដែលអ្នកទូតជាន់ខ្ពស់អាមេរិករូបនេះ បានបដិសេធមិនបញ្ជាក់។
ក្នុងការរិះគន់ដ៏កម្រមួយនៃការសន្ទនាការទូតជាលក្ខណៈឯកជនជាធម្មតា លោក Netanyahu ក៏បាននិយាយផងដែរថា លោកបានប្រាប់លោក Blinken ថាវាជារឿងនឹកស្មានមិនដល់ ដែលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុងវ៉ាស៊ីនតោន បានផ្អាកការផ្ដល់អាវុធ និងគ្រាប់រំសេវដល់អ៊ីស្រាអែល។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន ដោយនិយាយថា សហរដ្ឋអាមេរិក បានសម្តែងការមិនពេញចិត្តដោយផ្ទាល់ចំពោះអ៊ីស្រាអែល៕
