បាតុករអ៊ីស្រាអែល រាប់រយនាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅលំនៅឋានរបស់នាយករដ្ឋមន្ត្រី ក្នុងទីក្រុងក្រុងសេសារីយ៉ា(Caesarea) និងទីក្រុងហ្សេរុយសាឡឹម(Jerusalem) កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រឆាំងរដ្ឋាភិបាល និងទាមទារឲ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ទាំងអស់ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា។

មនុស្សជាច្រើន បានគ្រវីទង់ជាតិអ៊ីស្រាអែល ហើយស្រែកពាក្យផ្សេងៗ ក្នុងពេលសន្តិសុខនគរបាលតឹងតែង។ ពួកគេ បានរិះគន់ដំណោះស្រាយជម្លោះរបស់រដ្ឋាភិបាល រួមមានសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងការកើនឡើងភាពតានតឹងជាមួយក្រុមហេសបូឡា នៅប្រទេសលីបង់។
អ្នកដឹកនាំការតវ៉ានៅខាងក្រៅលំនៅឋានរបស់នាយករដ្ឋមន្ត្រី បាននិយាយថា យើងចង់ឲ្យរដ្ឋាភិបាលដែលធ្វើការសម្រាប់ប្រជាជន ព្យាយាមនាំយកចំណាប់ខ្មាំងត្រឡប់មកវិញ។
យើងចង់ឲ្យក្រុមហាម៉ាសរលាយបាត់។ យើងចង់ឱ្យចំណាប់ខ្មាំងត្រឡប់មកវិញ។ ហើយយើងចង់មានសុវត្ថិភាពនៅក្នុងប្រទេសរបស់យើង។

ទោះបីជាមានបាតុកម្មកើតឡើងប្រចាំសប្តាហ៍ក៏ដោយ ក៏ទិដ្ឋភាពនយោបាយ នៅតែមិនផ្លាស់ប្តូរ ដោយ លោក Netanyahu នៅតែរក្សាបានសំឡេងភាគច្រើនមានស្ថិរភាព នៅក្នុងសភា។