អ្នកនាំពាក្យស្ថានទូតចិន ប្រចាំប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ (២១ មិថុនា) នេះថា ប្រទេសជប៉ុនមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយមិនមានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាដែនសមុទ្រចិន-ហ្វីលីពីនឡើយ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា «យើងបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងដាច់ខាត ចំពោះការពិតដែលថាភាគីជប៉ុន បានធ្វើការអត្ថាធិប្បាយខុសម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូង ដែលបំភាន់ត្រូវ ទៅជាខុស ហើយធ្វើការចោទប្រកាន់មិនសមហេតុផលប្រឆាំងនឹងប្រទេសចិន»។

ក្រសួងការបរទេសជប៉ុន បាននិយាយនៅសប្តាហ៍នេះថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងលើសកម្មភាពម្តងហើយម្តងទៀតដែលរារាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងបង្កើនភាពតានតឹងក្នុងតំបន់ រួមទាំងសកម្មភាពគ្រោះថ្នាក់នាពេលថ្មីៗនេះ ដែលបានធ្វើឱ្យខូចខាតនាវាហ្វីលីពីន និងធ្វើឱ្យប្រជាជនហ្វីលីពីនរងរបួសនៅលើនាវា។

ក្រសួងការបរទេសហ្វីលីពីន បានថ្កោលទោសទង្វើរបស់ចិន ថាជារឿង «ខុសច្បាប់ និងកម្រោល» ក្នុងអំឡុងពេលបេសកកម្មផ្គត់ផ្គង់ឡើងវិញតាមទម្លាប់កាលពីថ្ងៃចន្ទ ដែលយោធាហ្វីលីពីនបាននិយាយថា ទាហានជើងទឹកម្នាក់បានរងរបួសធ្ងន់ធ្ងរ និងធ្វើឱ្យនាវាទីក្រុងម៉ានីល បានខូចខាត។
ប្រទេសចិន បានបដិសេធការចោទប្រកាន់នោះ ខណៈប្រទេសទាំងពីរបានប៉ះទង្គិចគ្នាម្ដងហើយម្ដងទៀតជុំវិញតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនទឹកជម្លោះនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូងដ៏ធំល្វឹងល្វើយ៕