បន្ទាយមានជ័យ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង តាមរយៈមូលនិធិហោ ណាំហុង បានផ្តល់ទឹកសុទ្ធ និងសាប៊ូលាងដៃ និងដូសខ្លួន ដល់បងប្អូនពលករខ្មែរដែលបានវិលមកពីប្រទេសថៃវិញ ហើយកំពុងធ្វើចត្តាឡីស័ក នៅខេត្តចំនួនពីរដែលជាប់និងប្រទេសថៃ គឺខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
ការផ្តល់ទឹកសុទ្ធ និងសាប៊ូលាងដៃ និងដូសខ្លួនជូនដល់បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញនេះ គឺដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តក្នុងកិច្ចការពារ នៃការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩ បន្ទាប់ពីមើលឃើញថាខេត្តទាំងពីរដែលជាប់នឹងព្រំដែនប្រទេសថៃនេះ មានបងប្អូនពលករខ្មែរបានសម្រុកចូលមកប្រទេសកម្ពុជាវិញ ហើយបានកំពុងធ្វើចត្តាឡីស័ក ដោយមានការខ្វះខាតនោះ។
អំណោយសប្បុរសធម៌ជាទឹកសុទ្ធ និងសាប៊ូលាងដៃនេះ គឺសម្រាប់បងប្អូនពលករខ្មែរកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ គឺមានចំនួន២៥០០កេស និងសាប៊ូលាងដៃ និងដូសខ្លួនចំនួន២៥០០កញ្ចប់ ហើយទឹកសុទ្ធចំនួន១១០០កេស និងសាប៊ូលាងដៃ និងដូសខ្លួន២២០០កញ្ចប់ សម្រាប់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅខេត្តឧត្តរមានជ័យ។ ដោយអំណោយទាំងនោះគឺយកទៅចែកជូនដោយផ្ទាល់ពីសំណាក់ឯកឧត្តម ជេត ណារ៉ែន តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង។
ជាមួយនិងអំណោយសប្បុរសធម៌នេះដែរ រដ្ឋបាលខេត្តទាំងពីរបានថ្លែងអំណរអគុណចំពោះទឹកចិត្តសប្បុរសធម៌របស់មូលនិធីហោ ណាំហុង ដែលបានចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ និងចូលរួមចំណែកលើកស្ទួយសុខុមាលភាពរបស់បងប្អូនពលករខ្មែរយើងដែលបានវិលមកពីប្រទេសថៃវិញនោះ។
រដ្ឋបាលខេត្តទាំងពីរបានលើកឡើងទៀតថា អំណោយនេះគឺបានធ្វើឡើងស្របតាមតម្រូវ ការរបស់ខេត្ត និងជាទឹកចិត្តដ៏សប្បុរសធម៌មួយក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរខេត្តក៏ដូចជារាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ដែលវាបានកំពុងកើតមានឡើងនៅពិភពលោកទាំងមូលក៏ដូចជាប្រទេសកម្ពុជាផងដែរនោះ។
សូមរំលឹកថា ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ជានិច្ចកាលតែងតែឧបត្ថម្ភថវិកា និងសម្ភារៈដើម្បីរួមចំណែកជាមួយរាជារដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាហាវមួយនេះ ដោយបានផ្តល់ដូចជាម៉ាស់រាប់ម៉ឺន និងសម្ភារៈមួយចំនួនទៀតផងដែរ៕
អត្ថបទ ៖បាន ចក់



