យោងតាមទិន្នន័យពីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌាកម្ដៅដ៏ក្ដៅរយៈពេលមួយខែនៅទូទាំងតំបន់នានានៃប្រទេសឥណ្ឌា បានសម្លាប់មនុស្សជាង ១០០នាក់ និងនាំឱ្យមានករណីសង្ស័យថាមានជំងឺសុរិយរោគ ឬបណ្ដាលមកពីក្ដៅខ្លាំងជាង ៤០.០០០នាក់ ក្នុងរយៈពេល៣ ខែកន្លះមកនេះ។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលដែលបានផ្តល់ទៅឱ្យសារព័ត៌មានAP នៅចន្លោះពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ១៨ ខែមិថុនា មនុស្សចំនួន១១០ នាក់ក្នុងប្រទេសឥណ្ឌាបានបាត់បង់ជីវិត បន្ទាប់ពីទទួលរងនូវជំងឺបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងពេក ក្រុមមន្ត្រីមកពីក្រសួងសុខាភិបាលឥណ្ឌា និងស្ថាប័នសាខារបស់ខ្លួន ក៏ដូចជាមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺ ដែលបានប្រមូលតួលេខនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

ចំនួនអ្នកស្លាប់ខ្ពស់បំផុត ៣៦នាក់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ ឧតាប្រទេស(Uttar Pradesh) បន្ទាប់មកគឺ រដ្ឋភាគខាងជើងផ្សេងទៀត រួមមាន រដ្ឋ រាជស្ថាន (Rajasthan) ប៊ីហា(Bihar) និង រដ្ឋ អូឌីសា(Odisha) ដែលទទួលរងគ្រោះពីអាកាសធាតុធ្ងន់ធ្ងរ។ ទិន្នន័យនេះ ក៏បានបង្ហាញផងដែរថាក្នុងចំណោមអ្នកជំងឺ៤០.២៧២នាក់ ដែលសង្ស័យថាមានជំងឺបណ្ដាលមកពីក្ដៅខ្លាំង។ ក្នុងអំឡុងពេលនេះ ៤៥៧ ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
រដ្ឋធានីញូវដេលី ក៏ត្រូវបានរងគ្រោះពីរលកកម្ដៅខ្លាំងផងដែរ ទោះបីជាមានភ្លៀងធ្លាក់ និងខ្យល់រយៈពេលខ្លីនៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលបានធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់បន្តិច ក្រោយរដ្ឋធានីនេះ បានទទួលរងសីតុណ្ហភាពក្ដៅបំផុតនៅពេលយប់ ក្នុងរយៈពេលជាង៥ទសវត្សរ៍កាលពីដើមសប្តាហ៍នេះ។ នាយកដ្ឋានអាកាសធាតុរបស់ប្រទេសនេះ រំពឹងថានឹងមានការធូរស្បើយពីកម្ដៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែបាននិយាយថា អាកាសធាតុខ្លាំងអាចបន្តមានទៀត៕