សម្ព័ន្ធភាពនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានចោទប្រកាន់របបយោធាថាបានរំលោភលើបទឈប់បាញ់ ដែលសម្របសម្រួលដោយប្រទេសចិន ម្តងហើយម្តងទៀតនៅភាគខាងជើងនៃប្រទេសក្នុងខែនេះ ព្រមទាំងបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួសជាច្រើន។

ទីក្រុងប៉េកាំង បានសម្របសម្រួលបទឈប់បាញ់មួយរវាងរបបសឹក និងសម្ព័ន្ធក្រុមប្រដាប់អាវុធ ឈ្មោះថា «សម្ព័ន្ធភាតរភាពត្រីភាគី» នៅក្នុងខែមករាបន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ ដែលបានជម្លៀសប្រជាជនជាងកន្លះលាននាក់នៅជិតព្រំដែនភាគខាងត្បូងរបស់ចិន។

បទឈប់បាញ់នោះ បានអនុញ្ញាតឱ្យសម្ព័ន្ធភាពដែលបង្កើតឡើងដោយកងទ័ពរំដោះជាតិតាអាំង (TNLA) កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពអារ៉ាកាន (AA) កាន់កាប់ទឹកដីជាច្រើនដែលខ្លួនវាយដណ្តើមបាននៅភាគខាងជើងរដ្ឋសាន (Shan)។

សម្ព័ន្ធនេះបាននិយាយថា កងទ័ពរបបសឹក កាលពីថ្ងៃពុធ (១៩ មិថុនា) បានបើកការវាយប្រហារតាមអាកាសលើទឹកដីដែលកងទ័ពតាអាំង TNLA កាន់កាប់នៅជិតមជ្ឈមណ្ឌលរុករករ៉ែត្បូងទទឹម នៅភូមិម៉ូកូក (Mogok) ដោយសម្លាប់ជនស៊ីវិលម្នាក់ ហើយបន្ថែមថា កាលពីថ្ងៃអង្គារ កងទ័ពរបបសឹកក៏បានធ្វើការវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់សមាជិកកងទ័ពតាអាំង ម្នាក់ និងរងរបួសយ៉ាងធ្ងន់ធ្ងរ ៤ នាក់ផ្សេងទៀត។
កងទ័ពតាអាំង TNLA បាននិយាយថា ការវាយប្រហារនេះគឺជាការរំលោភចុងក្រោយបំផុតក្នុងខែនេះដោយរបបយោធា ដែលបានបាញ់ផ្លោងលើទីតាំងកងទ័ពប្រដាប់អាវុធជនជាតិភាគតិចមួយនេះ ហើយកាត់ផ្ដាច់ផ្លូវ និងរឹតបន្តឹងលំហូរទំនិញទៅកាន់ភូមិនានាដែលគ្រប់គ្រងដោយកងទ័ព TNLA ដែលបំពានបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរ៕