សហរដ្ឋអាមេរិក និងប្រទេសចិន បានបន្តកិច្ចចរចាអាវុធនុយក្លេអ៊ែរពាក់កណ្តាលផ្លូវការក្នុងខែមីនា ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ដោយតំណាងរបស់ទីក្រុងប៉េកាំង ប្រាប់សមភាគីអាមេរិក ថាពួកគេនឹងមិនងាកទៅរកការគំរាមកំហែងនុយក្លេអ៊ែរលើកោះតៃវ៉ាន់ នោះទេ នេះបើយោងតាមប្រតិភូអាមេរិកពីរនាក់ដែលបានចូលរួមកិច្ចចរចានោះ។

តំណាងចិន បានផ្តល់ការធានាឡើងវិញបន្ទាប់ពីអន្តរការីអាមេរិក បានលើកឡើងពីការព្រួយបារម្ភដែលថាចិន អាចនឹងប្រើ ឬគំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនប្រឈមនឹងការបរាជ័យក្នុងជម្លោះលើកោះតៃវ៉ាន់ ដែលចិន ចាត់ទុកថាជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលទីក្រុងតៃប៉ិ បដិសេធ។

ទីក្រុងវ៉ាស៊ីនតោន ត្រូវបានតំណាងដោយគណៈប្រតិភូប្រហែល ៦ នាក់ រួមទាំងអតីតមន្ត្រី និងអ្នកប្រាជ្ញនៅឯការពិភាក្សារយៈពេលពីរថ្ងៃនោះ ដែលបានធ្វើឡើងនៅក្នុងបន្ទប់សន្និសីទសណ្ឋាគារក្រុងសៀងហៃ (Shanghai)។ ចំណែកទីក្រុងប៉េកាំង បានបញ្ជូនគណៈប្រតិភូអ្នកប្រាជ្ញ និងអ្នកវិភាគ ដែលរួមមានអតីតមន្ត្រីកងទ័ពរំដោះប្រជាជនចិនមួយចំនួន។

សូមបញ្ជាក់ថា អ្នកចូលរួមក្នុងកិច្ចពិភាក្សា កម្រិតពីរ (Track Two) ជាទូទៅគឺជាអតីតមន្ត្រី និងក្រុមអ្នកសិក្សាដែលអាចនិយាយជាមួយអាជ្ញាធរលើមុខតំណែងរដ្ឋាភិបាលរបស់ពួកគេ ទោះបីជាខ្លួនមិនពាក់ព័ន្ធដោយផ្ទាល់ក្នុងប្រធានបទក៏ដោយ ហើយការចរចារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលត្រូវបានគេស្គាល់ថាជា កម្រិតមួយ (Track One)។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានរ៉យទ័រថា កិច្ចពិភាក្សា កម្រិតពីរ នេះអាចនឹង «មានប្រយោជន៍» ដោយបន្ថែមថា ក្រសួងបានដឹងលឺពីកិច្ចចរចានោះ ប៉ុន្តែមិនបានចូលរួមនោះទេ៕