ទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងដាច់អហង្ការ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពោះការលក់អាវុធលើកទីពីររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងខែនេះទៅឱ្យតំបន់តៃវ៉ាន់ ដោយនិយាយថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើគឺដើម្បីជួយដល់ការប៉ុនប៉ងរបស់អាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿនក្នុងការស្វែងរកឯករាជ្យតាមរយៈការកសាងកម្លាំងយោធា ដែលនឹងទទួលបានការវាយប្រហារត្រលប់ទៅវិញតែប៉ុណ្ណោះ។

ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើង ស្របពេលក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃអង្គារលើការលក់យានដ្រូន និងមីស៊ីលទៅឱ្យតៃវ៉ាន់ក្នុងតម្លៃប្រមាណ ៣៦០ លានដុល្លារអាមេរិក។កាប្រកាសនេះបានកើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលអាមេរិកបានសម្រេចចិត្តលក់គ្រឿងបន្លាស់ និងជួសជុលយន្តហោះចម្បាំង F-16 ក្នុងតម្លៃ ៨០លានដុល្លារទៅឱ្យកោះនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បាននិយាយថា ការលក់អាវុធរបស់អាមេរិកទៅកាន់តំបន់តៃវ៉ាន់ ដោយមិនគិតពីការប្រឆាំងរបស់ចិន គឺបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ១៩៨២។
លោកបាននិយាយថា ការលក់បែបនេះធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក សន្តិភាព ព្រមទាំងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយផ្ញើសារខុសដ៏ធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួនទាមទារឯករាជ្យតៃវ៉ាន់៕