អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងការពារកុមារ និងយុវវ័យ ពីមាតិកាដំណើរការទទួលភាពញៀន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្មានការយល់ព្រមពីឪពុកម្តាយ។ នៅថ្ងៃទី៧ ខែមិថុនា សមាជិកសភារដ្ឋញូវយ៉ក បានអនុម័តច្បាប់ដែលមានសេចក្តីស្នើច្បាប់អមជាមួយ ដើម្បីរឹតត្បិតគេហទំព័រតាមអនឡាញពីការប្រមូល និងលក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដែលមិនទាន់គ្រប់អាយុ។

មុនពេលចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Hochul បាននិយាយថា រដ្ឋផ្សេងៗទៀត គួរតែយកគំរូពីសេចក្តីស្នើច្បាប់នេះ ខណៈលោកស្រី បានច្រានចោលការរង់ចាំរដ្ឋាភិបាលសហព័ន្ធដើម្បីចាត់វិធានការ។ រដ្ឋអាជ្ញារបស់រដ្ឋ លោក ឡេទីស៊ា ជេម(Letitia James) បាននិយាយថា សេចក្តីស្នើច្បាប់នេះ នឹងកំណត់គោលដៅ «ចំណីអារម្មណ៍មានភាពញៀន» ផ្តល់ការព្រមាន តាមដាន និងដោះស្រាយព័ត៌មានឯកជនរបស់កុមារ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Meta Platforms ដែលវេទិការបស់ពួកគេរួមមាន Facebook និង Instagram អាចទទួលបានផលចំណេញមានប្រាក់ចំណូលខ្ពស់។
អ្នកគាំទ្រច្បាប់ បានចង្អុលបង្ហាញពីការសិក្សារបស់សាកលវិទ្យាល័យ Harvard កាលពីថ្មីៗនេះ ដែលបានរកឃើញថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំបំផុតចំនួន៦ រកបានប្រាក់ចំណូលបាន១១ពាន់លានដុល្លារពីការផ្សាយពាណិជ្ជកម្មដល់អនីតិជន ក្នុងឆ្នាំ២០២២។
សមាគមឧស្សាហកម្ម ណេតឆយ(NetChoice) បានរិះគន់ខ្លាំងៗចំពោះច្បាប់នេះ ដោយហៅច្បាប់នេះ នៅក្នុងសេចក្តីថ្លែងការណ៍ថាជា «ការរំលោភលើសេរីភាពនៃការនិយាយស្តី និងអ៊ីនធឺណិតដែលបើកចំហ» ដែលបង្ខំគេហទំព័រឱ្យត្រួតពិនិត្យខ្លឹមសារមាតិកាទាំងអស់ និងឲ្យអ្នកចូលមើលផ្តល់អត្តសញ្ញាណ ដើម្បីផ្ទៀងផ្ទាត់អាយុរបស់ពួកគេ។