រដ្ឋបាលសហរដ្ឋអាមេរិក របស់លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីផែនការដើម្បីរារាំងការលក់កម្មវិធីកំចាត់មេរោគដែលផលិតដោយមន្ទីពិសោធ កាសភឺស្គី ឡេប(Kaspersky Lab) របស់រុស្ស៊ី នៅសហរដ្ឋអាមេរិក ដោយនិយាយយោងទៅរកអតិថិជនធំៗនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុននេះ រួមទាំងក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រដ្ឋាភិបាលរដ្ឋ និងរដ្ឋាភិបាលតំបន់។

លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ឥទ្ធិពលរបស់ទីក្រុងមូស្គូលើក្រុមហ៊ុន ត្រូវបានគេរកឃើញថាបង្កឱ្យមានហានិភ័យគួរឱ្យកត់សម្គាល់។

ប្រភពព័ត៌មានមួយបាននិយាយថា ដំណើរការដែលមានឯកសិទ្ធិរបស់កម្មវិធី ទៅកាន់ប្រព័ន្ធកុំព្យូទ័រ អាចអនុញ្ញាតឱ្យក្រុមហ៊ុនលួចយកព័ត៌មានរសើបពីកុំព្យូទ័ររបស់អាមេរិក ឬដំឡើងកម្មវិធីមេរោគ និងរក្សាការធ្វើបច្ចុប្បន្នភាពសំខាន់ៗ ដែលនឹងបង្កើនការគំរាមកំហែង។
មន្ទីរពិសោធន៍ Kaspersky Lab និងស្ថានទូតរុស្ស៊ី ពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ កន្លងមកក្រុមហ៊ុន កាសភឺស្គី(Kaspersky) ធ្លាប់បាននិយាយថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនគ្រប់គ្រងដោយឯកជនសុទ្ធសាធ ពុំមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ីទេ។
ចំណាត់ការនានាបង្ហាញថា រដ្ឋបាលរបស់លោក Biden កំពុងព្យាយាមបំបាត់ហានិភ័យនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ី ដែលកើតចេញពីកម្មវិធីកំចាត់មេរោគ Kaspersky និងរក្សាការប្រជ្រៀតចូលរបស់ទីក្រុងមូស្គូ ខណៈកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ទទួលបានសន្ទុះឡើងវិញ។