យោធាប្រទេសអ៊ីស្រាអែល និងក្រុមហេសបូឡាឥស្លាមនិយម ស៊ីអា ក្នុងប្រទេសលីបង់ បានបន្តវាយប្រហារគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។ ការព្រួយបារម្ភកំពុងកើនឡើងថា ស្ថានភាពអាចនឹងធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ដោយការវាយលុកដែលអាចកើតមាន ធ្វើឡើងដោយក្រុមហេសបូឡា ចូលទៅភាគខាងជើង ប្រទេសអ៊ីស្រាអែល។

នៅតំបន់ហ្កាហ្សាស្ទ្រីប យោធាអ៊ីស្រាអែល បានបន្តការវាយលុករបស់ខ្លួនទៅលើក្រុមឥស្លាមនិយមហាម៉ាស ដែលក្រុមហេសបូឡា បានបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយក្រុមនេះ។
យោធា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមអាកាសនៅភាគខាងជើងតំបន់ហ្កាហ្សា បានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មនុស្ស៣៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ អ៊ីស្រាអែល ក៏បានសម្លាប់មេបញ្ជាការក្រុមហេសបូឡាម្នាក់ដោយការវាយប្រហារតាមអាកាសនៅក្នុងប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍។

កាលពីថ្ងៃពុធ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បាននិយាយនៅក្នុងសុន្ទរកថាមួយថា ប្រសិនបើសង្រ្គាមត្រូវបានកំណត់ទៅលើប្រទេសលីបង់ ក្រុមរបស់លោក នឹងប្រយុទ្ធដោយគ្មានការគោរពទៅតាមច្បាប់។
លោក បានព្រមានថា ការវាយលុក នៅផ្នែកភាគខាងជើងប្រទេសអ៊ីស្រាអែលនៅតែមាន ប្រសិនបើការប្រឈមមុខដាក់គ្នាកាន់តែរីកធំ។
សារព័ត៌មានAP បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង៤០០នាក់ នៅក្នុងប្រទេសលីបង់ រួមទាំងអ្នកប្រយុទ្ធក្រុមហេសបូឡា និងជនស៊ីវិល។