កំពង់ឆ្នាំង៖ ប្រជានេសាទលក្ខណៈគ្រួសារក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានសំណើរសុំដល់មន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្ត ជួយបង្កើនការបង្រាបបទល្មើសគ្រប់ប្រភេទអោយច្រើនជាងឆ្នាំកន្លងទៅ ខណៈពួកគាត់បានសង្កេតឃើញថា ផលត្រីឆ្នាំ២០២៣ បានធ្លាក់ចុះ និងប្រឈមនឹងការផុតពូជត្រីមួយចំនួនទៀត ដោយសារតែបទល្មើសទាំងនោះ។
ប្រជានេសាទបានអោយដឹងថា៖ ការខិតខំបង្ក្រាបបទល្មើសនេសាទរបស់សមត្ថកិច្ចជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចនាឆ្នាំកន្លងមក បានល្អហើយ ក៏ប៉ុន្តែពួកគាត់សុំអោយបង្កើនការបង្ក្រាបបទល្មើសទាំងនេះ និងអោយមានការដាក់ទោសទណ្ឌទៅលើក្រុមជនសង្ស័យក្នុងបទល្មើសនេសាទនេះផងដែរ ដើម្បីថែរក្សាពូជត្រីអោយនៅគង់វង្ស និងសំរាប់ប្រជានេសាទ បាននេសាទជាលក្ខណៈគ្រួសារ។ ដោយឡែកទាក់ទងនឹងព្រៃលិចទឹកជាជំរកសំរាប់ត្រីពងកូនវិញ សូមជួយយកចិត្តទុកដាក់អោយកាន់តែរឹងមាំជាងឆ្នាំកន្លងៗមក ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផង ព្រោះកន្លងមកមានជនសង្ស័យច្រើននាក់បានប្រើប្រាស់គ្រប់រូបភាព ដើម្បីបំផ្លាញព្រៃលិចទឹកនេះ ។ ការបំផ្លាញព្រៃលិចទឹកនាពេលកន្លងមក មានការទន្ទ្រានយកដី ការកាប់ព្រៃលិចទឹកដាក់សម្រាស់ ការក្រៀវព្រៃលិចទឹកអោយងាប់យកធ្វើអុសលក់ជាដើម ដែលទង្វើទាំងនេះ បានបំផ្លាញព្រៃលិចទឹកយ៉ាងច្រើនផងដែរ។ ចំណែកបទល្មើសឆក់វិញ ក៏បានបំផ្លាញមច្ឆាជាតិធំធេងផងដែរ និងជួយថែរក្សាតំបន់អភិរក្សកុំអោយមានអ្នកចូលមកនេសាទនៅក្នុង និងខាងក្រៅតំបន់ទាំងនោះ ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានអោយដឹងថា៖ ជារៀងរាល់ឆ្នាំ មន្ទីរកសិកម្មដែលមានខ័ណ្ឌរដ្ឋបាលជលផលជាសមត្ថកិច្ចជំនាញនោះ បានខិតខំបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ និងបទល្មើសបំផ្លាញព្រៃលិចទឹកជាប្រចាំ និងបានបញ្ជូនជនសង្ស័យជាច្រើននាក់ទៅសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។ ទាក់ទងនឹងសំណូមពររបស់ប្រជានេសាទខាងលើ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានសន្យាថានឹងបង្កើនការបង្ក្រាប និងទប់ស្កាត់អោយបានល្អជាងឆ្នាំមុនៗតាមសំណូមពរប្រជានេសាទ ហើយក្នុងរដូវបិទនេសាទនេះ លោកថា មិនអោយមានបទល្មើសកើតឡើងឡើយ ៕ ដោយ ៖ កាំង ហុងវាស្នា









