ប្រណាំងកង់៖ កីឡាករប្រណាំងកង់ហូឡង់ Fabio Jakobson បានប្រជែងឈ្នះដំណាក់កាលទី ៤ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana នៅថ្ងៃអង្គារម្សិលមិញ ដែលជាជ័យជំនលើកដំបូងបំផុតក្នុងអាជីពនៅព្រឹត្តិការណ៍លំដាប់ Grand Tour បែបនេះ។

ដំណាក់កាលទី៤ ដែលមានចំងាយផ្លូវ ១៦៣.៩គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង Deceuninck Quick-Step រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ៤៣នាទី ៧វិនាទី តាមពីក្រោយដោយកីឡាករបារាំង Demare Arnaud របស់ក្រុម FDJ និងលេខ៣ កីឡាករដាណឺម៉ាក Cort Magnus របស់ក្រុម Nippo។ ចំណែកអ្នកឈ្នះដំណាក់កាលទី៣ Rein Taaramae បានដួលកង់នៅពេលជិតដល់ទីព្រ័ត្រទៅហើយ តែកីឡាករសញ្ជាតិអេស្តូនីរូបនេះនៅតែបន្តនាំមុខគេក្នុងតារាងរួមដដែល ដោយមានវេលាសរុប ១៣ម៉ោង ៨នាទី ៥១វិនាទី តែកាត់បន្ថយការនាំមុខមកត្រឹម ២៥វិនាទីលើកីឡាករបារាំង Kenny Elissonde របស់ក្រុម Trek និងលេខ៣ នៅតែជាអ្នកការពារតំណែងជើងឯក Primoz Roglic របស់ក្រុម Jumbo Visma តាមពីក្រោយ ៣០វិនាទី។ សំរាប់ដំណាក់កាលទី៥ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៨៤.៤គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ