សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ រួមមានឯកឧត្តម ស៊ុយ សែម , ឯកឧត្តមបណ្ឌិត ទី ថានី និងឯកឧត្តម រ៉ូហ្វី អូស្មាន នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ។ ពិធីនេះរៀបចំធ្វើឡើង ក្នុងបរិវេណវត្តពោធិ៍សុវណ្ណរង្សី ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក-ឃុំ លោកអភិបាលស្រុកកណ្តៀង នាយកសាលា តំណាងមណ្ឌលសុខភាព តំណាងប៉ុស៍្តនគរបាល មេឃុំ-មេភូមិ យុវជន ប្រជាការពារភូមិ និងតំណាងប្រជាពលរដ្ឋមកពីតាមបណ្តាភូមិនានាក្នុងឃុំអន្លង់វិល សរុបប្រមាណ៣០០នាក់ ។

ឯកឧត្តម ស៊ុយ សែម បានចាត់ទុកការជួបជុំគ្នាក្នុងពេលនេះ ជាវេទិកាមួយផ្ដល់ឱកាសឱ្យបងប្អូនទាំងអស់ លើកឡើងនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យឯកឧត្តមជាអ្នកតំណាងរាស្ត្របានដឹង ជួយសម្របសម្រួលដោះស្រាយ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ចំណុចណាដែលមិនអាចដោះស្រាយបាន យើងនឹងកត់ត្រាទុក ដាក់ជូនទៅថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋសភាជាតិនិងរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងដោះស្រាយជូននៅពេលក្រោយ។ ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍បន្តថា យើងរស់នៅសព្វថ្ងៃបានសុខ ក្រោមដំបូលសន្តិភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំធ្វើការងារខ្លាំងណាស់ ដើម្បីអភិវឌ្ឍប្រទេសជាតិ និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋយើង។ ក្នុងនោះដែរ ឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីការគោរពច្បាប់ចរាចរផ្លូវគោក បញ្ហាអនាម័យបរិស្ថាន និងការទុកដាក់សំរាមនានាឲ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យមានសណ្តាប់ធ្នាប់ មានសោភ័ណភាព និងសុខភាពល្អ។

ក្នុងរយៈពេលពេញមួយព្រឹក ប្រជាពលរដ្ឋមកពីបណ្តាលភូមិនានា បានឡើងមានមតិដោយភាពស្និតស្នាល បង្ហាញ់ពីក្តីរីករាយបានរស់នៅក្រោមម្លប់នៃសន្តិភាព ហើយប្តេជ្ញាចូលរួមការពារសន្តិភាព ដើម្បប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ ក៏បានលើពីសំណូមពរ និងបញ្ហាប្រឈមមួយចំនួនក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ដូចជាស្នើសុំដាក់អំពូលសូឡាបន្ថែមតាមផ្លូវ ស្នើរសុំលើកផ្លូវលំក្នុងភូមិមួយខ្សែឱ្យបានខ្ពស់ ស្នើរសុំស្តារប្រឡាយចំនួន២ខ្សែ ស្នើរសុំចាក់ដីក្នុងបរិវេណមណ្ឌលសុខភាព ស្នើរសុំសម្រួលកិច្ចការកែតម្រូវ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ មកត្រឹមថ្នាក់ស្រុក រួមនិងការឧបត្ថម្ភប្រជាការពារភូមិ៕អត្ថបទ៖ ភិរុណ ពៅ







