មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចណាស់២១នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការផ្ទុះឡើងជំងឺអាសន្នរោគនៅក្នុងរដ្ឋ Lagos ភាគនិរតី ប្រទេសនីហ្សេរីយ៉ា។

លោកស្រី កេមី អូហ្គូមយ៉េមី(Kemi Ogunyemi) ទីប្រឹក្សាពិសេសទទួលបន្ទុកសុខភាពរបស់រដ្ឋាភិបាលរដ្ឋ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់មានករណីជំងឺអាសន្នរោគចំនួន៤០១ករណី ត្រូវបានរាយការណ៍នៅក្នុងខែនេះតែមួយខែ ដោយសារតែការផ្ទុះឡើងជំងឺអាសន្នរោគ នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេស ដោយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ។

លោកស្រី Ogunyemi បានសន្មតថាការកើនឡើងនៃចំនួនករណីដែលសង្ស័យ និងអ្នកស្លាប់ ដោយសារតែការជួបជុំប្រារព្ធពិធីបុណ្យ Eid-el Kabir ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅក្នុងរដ្ឋ ដោយបាននិយាយថា ការកើនឡើងនៃករណីជំងឺឆ្លង ត្រូវបានរំពឹងទុក។
រដ្ឋាភិបាលរដ្ឋ Lagos បានបន្ត ប្រមូលសំណាកពីប្រភពទឹក អាហារ និងភេសជ្ជៈ ដើម្បីកំណត់អត្តសញ្ញាណ ប្រភពនៃការចម្លងរោគ ដោយលោកស្រីនិយាយបន្ថែមថា សកម្មភាពតាមដាននៅក្នុងសហគមន៍មូលដ្ឋាន ត្រូវបានពង្រឹង ជាពិសេសនៅក្នុងតំបន់រដ្ឋាភិបាលក្នុងស្រុកដែលរងផលប៉ះពាល់។
ជំងឺអាសន្នរោគ ជាជំងឺដែលមានមេរោគខ្លាំង មានលក្ខណៈធ្ងន់ធ្ងរបំផុត ដោយការចាប់ផ្តើមភ្លាមៗនៃជំងឺរាគរូស អាចបណ្តាលឱ្យស្លាប់ ដោយសារតែការខ្វះជាតិទឹកធ្ងន់ធ្ងរ។
កាលពីដើមខែនេះ អាជ្ញាធរសុខាភិបាលនៅរដ្ឋ Lagos ជារដ្ឋមានប្រជាជនច្រើនបំផុតក្នុងប្រទេសនីហ្សេរីយ៉ា បានចេញការជូនដំណឹងអំពីការផ្ទុះឡើងជំងឺអាសន្នរោគនៅក្នុងរដ្ឋនេះ ដោយលើកឡើងពី របាយការណ៍ច្រើនលើសលប់នៃករណីជំងឺក្អួតចង្អោរធ្ងន់ធ្ងរ។