វៀតណាម បាននិយាយនៅថ្ងៃសុក្រ (២១ មិថុនា) នេះថា ខ្លួនមានឆន្ទៈក្នុងការពិភាក្សាជាមួយប្រទេសហ្វីលីពីន ដើម្បីស្វែងរកវិធានការដែលសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងម៉ានីល កាលពីសប្តាហ៍មុន បានដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិ ទាមទារសិទ្ធិលើតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅនៅសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាំ ធូហាំង (Pham Thu Hang) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររដ្ឋាភិបាលថា «វៀតណាមអះអាងជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ ហ័ងសា (Hoang Sa) និង ទ្រឿងសា (Truong Sa) ស្របតាមច្បាប់អន្តរជាតិ» ដោយសំដៅទៅលើប្រជុំកោះ ប៉ារ៉ាសែល (Paracel) និង ស្ព្រាតលី (Spratly)។

វៀតណាម និងហ្វីលីពីន ស្ថិតក្នុងចំណោមអ្នកទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសមុទ្រពិភពលោកដ៏មមាញឹក ដែលស្ទើរតែទាំងអស់ត្រូវបានទាមទារដោយចិន។ ហ្វីលីពីន កាលពីសប្តាហ៍មុនបានដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិទាមទារតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅមួយនៅសមុទ្រចិនខាងត្បូង ដែលគេជឿថាសម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ ព្រមទាំងជង្រុកត្រី។

លោកស្រី ហាំង បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា «បណ្ដារដ្ឋឆ្នេរសមុទ្រ ដែលបញ្ចូលព្រំដែនខ្ពង់រាបសមុទ្រទឹកជ្រៅខាងក្រៅរបស់ពួកគេ ចាំបាច់ត្រូវតែគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃរដ្ឋឆ្នេរសមុទ្រពាក់ព័ន្ធផ្សេងទៀត ដែលមានឆ្នេរសមុទ្រទល់មុខ ឬនៅជាប់គ្នា»៕