សហរដ្ឋអាមេរិក បានឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់វៀតណាម កាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តផ្តោតលើការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយ ដែលខ្លួនបានស្វះស្វែងរកទំនាក់ទំនងរឹងមាំដើម្បីប្រឆាំងនឹងការប្រជែងជាមួយចិន។

មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយកូរ៉េខាងជើង លោកពូទីន ត្រូវបានទទួលការស្វាគមន៍ក្នុងពិធីដ៏អធិកអធមមួយក្នុងប្រទេសវៀតណាម ហើយបាននិយាយនៅទីក្រុងហាណូយ ថាលោកចង់កសាង «ស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាន» នៅក្នុងតំបន់។

ប៉ុន្មានម៉ោងក្រោយមក ទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ប្រមុខអ្នកការទូតរបស់ខ្លួនសម្រាប់អាស៊ីបូព៌ាគឺលោក ដានីញ៉ែល គ្រីថិនប្រ៊ីង (Daniel Kritenbrink) នឹងធ្វើទស្សនកិច្ចនៅវៀតណាមនៅថ្ងៃសុក្រ (២១ មិថុនា) និងថ្ងៃសៅរ៍ (២២ មិថុនា) សប្ដាហ៍នេះ ដើម្បីសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើការជាមួយទីក្រុងហាណូយ ដើម្បីធានាឱ្យមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក «សេរី និងបើកចំហ»។

ដំណើរទស្សនៈកិច្ចរបស់លោក ពូទីន ទៅកាន់អាស៊ី ត្រូវបានគេមើលឃើញថាជាការផ្គើនទៅនឹងលោកខាងលិច ហើយការធ្វើជាម្ចាស់ផ្ទះរបស់វៀតណាម ត្រូវបានរិះគន់យ៉ាងខ្លាំងដោយទីក្រុងវ៉ាស៊ីនតោន ដែលបាននិយាយថា មេដឹកនាំរុស្ស៊ី មិនគួរត្រូវបានផ្តល់វេទិកាឱ្យការពារសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែននោះទេ៕