ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដល់កម្មករនិយោជិតទាំងអស់ឲ្យបានយ៉ាងតិចចំនួន ២ដងមុនថ្ងៃទី១០ ខែកញ្ញា ដើម្បីរួមចំណែកកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
នៅក្នុងសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស នៅថ្ងៃទី១៨ សីហា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការរួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ។
ជាពិសេសចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ បណ្តាលមកពីមេរោគបំប្លែងថ្មីប្រភេទដែលតា នៅតាមរោងចក្រ សហគ្រាស សូមឲ្យម្ចាស់ ឬនាយកទាំងអស់ ពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង អាចបញ្ជាតិញឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ក្នុងតម្លៃដើមតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានា, ករណីរកឃើញកម្មករនិយោជិតណា មានវិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស ឬមានអាការៈសង្ស័យត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅក្រសួងសុខាភិបាលក៏បាន, ត្រូវណែនាំដល់កម្មករនិយោជិត ឲ្យបន្តអនុវត្តវិធានអនាម័យ សុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការនិងអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវ ដូចជាពាក់ម៉ាស រក្សាគម្លាត ការវាស់កម្តៅជាដើម ពិសេប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ...។
ឯកឧត្តមរដ្ឋមេន្រ្តី បានបញ្ជាក់បន្ថែមថា ក្រោយថ្ងៃទី១០ ខែកញ្ញា ត្រូវបន្តអនុវត្តការធ្វើតេស្តជាប្រចាំលើមុខសញ្ញាកម្មករនិយោជិតដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារកាលខែឧសភាកន្លងទៅ៕
អត្ថបទ ៖ ឈិត បូរ៉ាវី


