រដ្ឋមន្ត្រីការបរទេសចាំផ្ទះអ៊ីរ៉ង់ លោក Ali Bagheri Kani កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការសម្រេចចិត្ត «បង្កហេតុ និងគ្មានការទទួលខុសត្រូវ» របស់រដ្ឋាភិបាលកាណាដា ក្នុងការដាក់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)របស់អ៊ីរ៉ង់ក្នុងបញ្ជីខ្មៅជា «អង្គភាពភេរវកម្ម» ។

លោកបានធ្វើការអធិប្បាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលប្រតិកម្មទៅនឹងការប្រកាសកាលពីថ្ងៃពុធ ដោយរដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈកាណាដា លោក Dominic LeBlanc ថា ប្រទេសរបស់ខ្លួន បានសម្រេចចិត្តដាក់ IRGC ក្នុងបញ្ជីជា «ក្រុមភេរវកម្ម»។

លោក Bagheri Kani បាននិយាយថា ទង្វើរបស់ប្រទេសកាណាដា ក្នុងការដាក់ IRGC ក្នុងបញ្ជីខ្មៅដែលជាផ្នែកសំខាន់មួយនៃកងកម្លាំងប្រដាប់អាវុធផ្លូវការរបស់អ៊ីរ៉ង់ គឺជា «ការបង្កបញ្ហា»ចំពោះគោលការណ៍ និងច្បាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះចំណាត់ការរបស់រដ្ឋាភិបាលកាណាដាថា «មិនធម្មតា និងខ្វះការពិចារណា» ដោយនិយាយថា ការសម្រេចចិត្តនេះ គឺជា«សកម្មភាពអរិភាពផ្ទុយនឹងច្បាប់អន្តរជាតិ ដែលពាក់ព័ន្ធនឹងសមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ។
លោក Kanaani បានហៅការសម្រេចចិត្តនេះថា ជាការឈ្លានពានប្រឆាំងនឹងអធិបតេយ្យភាពជាតិរបស់ អ៊ីរ៉ង់»។