
តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រ (ទី២១ ខែមិថុនា) នេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសសន្ធិសញ្ញាថ្មី រវាងរុស្ស៊ី និងកូរ៉េខាងជើងថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់។
ក្រសួងការបរទេសបានប្រាប់ថា ឥស្សរជនជាន់ខ្ពស់ទាំង២ តាមរយៈការជជែកគ្នាតាមទូរសព្ទ កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) ក៏បានពិភាក្សាគ្នាផងដែរ អំពីវិធីដើម្បីឆ្លើយតបទៅនឹងកតិកាសញ្ញានេះ ហើយបានយល់ព្រមតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។
ជាមួយគ្នានេះ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រការឆ្លើយតបរបស់កូរ៉េខាងត្បូងចំពោះកិច្ចព្រមព្រៀងដែលទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បាននិយាយថា ប្រទេសនីមួយៗ នឹងផ្តល់ជំនួយយោធាឲ្យគ្នាភ្លាមៗ ប្រសិនបើប្រទេសទាំង២ ប្រឈមនឹងការឈ្លានពានដោយប្រដាប់អាវុធ។
បើយោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងបន្ថែមទៀតថា លោក Cho បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការណាមួយ ដើម្បីជួយពង្រឹងសមត្ថភាពយោធារបស់កូរ៉េខាងជើង គឺជាការបំពានយ៉ាងជាក់ស្ដែងលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ដែរថា ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Chang Ho-jin នាថ្ងៃព្រហស្បតិ៍នោះដែរ បាននិយាយថា ទីក្រុងសេអ៊ូលនឹងពិនិត្យឡើងវិញនូវលទ្ធភាព ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងដ៏សំខាន់នេះ៕