
អ្នកនាំពាក្យរបបយោធា ១រូប កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) បានប្រាប់សារព័ត៌មាន AFP ថា លោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) មាន «សុខភាពល្អប្រសើរធម្មតា» ដោយការនិយាយនេះកើតមានឡើង ១ថ្ងៃបន្ទាប់ពីម្ចាស់ជ័យលាភីពានណូបែលចូលដល់វ័យ ៧៩ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងយោធា។
គួរបញ្ជាក់ថា លោកស្រី ស៊ូជី ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី និងបានដណ្តើមអំណាចនៅឆ្នាំ២០២១ ដែលបន្ទាប់មកបានធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលទៅក្នុងភាពចលាចល។ ម្ចាស់ជ័យលាភីពានណូបែលរូប កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈបេល ២៧ឆ្នាំ ដែលត្រូវបានកាត់ទោសដោយតុលាការរបបយោធា បន្ទាប់ពីមាននូវសវនាការមួយ ដែលត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិមនុស្សថា ជាការកាត់ក្ដីមិនត្រឹមត្រូវ ដើម្បីដករូបលោកស្រីចេញពីឆាកនយោបាយ។
ដោយមិនមានការផ្តល់ព័ត៌មានលម្អិតបន្ថែម អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានប្រាប់សារព័ត៌មាន AFP ថា៖ «តាមដែលខ្ញុំដឹង លោកស្រីមានសុខភាពល្អប្រសើរធម្មតា និងរស់នៅកន្លែងដែលយើងរៀបចំទុកជូនលោកស្រីពីមុនមក»។
លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួននៅក្នុងបរិវេណពន្ធនាគារដែលត្រូវបានសាងសង់ឡើងជាពិសេស ក្នុងរដ្ឋធានី Naypyitaw (ណៃពិដោ) ដែលសាងសង់ដោយពួកយោធា។ តែអ្នកនាំពាក្យរូបនោះមិនបានបញ្ជាក់ថា តើលោកស្រីត្រូវបានឃុំខ្លួននៅទីណានោះឡើយ៕