ភ្នំពេញ ៖ មន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនានេះ បានរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ស្ថិតនៅមុខវត្តជម្ពូវ័ន។
បើតាមលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានឱ្យដឹងថា ដោយទទួលបានការឯកភាពពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ សម្រាប់រាជធានីទាំងមូល បានកំណត់យកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ជំរុញឱ្យការរៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោកឱ្យរួចរាល់ ខណៈថ្ងៃនេះបានរៀបចំនៅខណ្ឌពោធិ៍សែនជ័យ។ ម្យ៉ាងវិញទៀត ការអនុវត្តយុទ្ធនាកា «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន»របស់ក្រសួងបរិស្ថាន ក៍បានធ្វើឡើងស្របនឹងកាប្រារព្ធទិវាបរិស្ថានផងដែរ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមអនុវត្តឱ្យកាន់តែសកម្មនូវគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន។
គួរបញ្ជាក់ដែរថា ទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា រៀបចំឡើងដើម្បីលើកកកម្ពស់ការយល់ដឹង ស្រឡាញ់បរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សម្រាប់ឆ្នាំនេះ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភព ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត»។ អត្ថបទ៖ទូច សោភ័ណ







