
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃសុក្រ ទី២១ ខែមិថុនានេះថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងភាគខាងកើតប្រទេសចិន ដោយបានធ្វើឲ្យលិចលង់ភូមិជាច្រើន និងលំនៅឋានជាច្រើនខ្នង ព្រមទាំងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញ។
វីដេអូ ដែលបានចាក់ផ្សាយដោយទូរទស្សន៍ CCTV នៅថ្ងៃសុក្រនេះ បានបង្ហាញនូវចរន្តទឹកជំនន់ហូរខ្លាំង ជន់លិចភូមិ និងចំការដំណាំ ខណៈក្រុមអ្នកជួយសង្គ្រោះ ត្រូវបានគេមើលឃើញកំពុងជម្លៀសអ្នកស្រុកដែលជាប់គាំង ដោយប្រើប្រាស់ទូក និងគ្រឿងចក្រ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា គិតត្រឹមថ្ងៃសុក្រនេះ មនុស្សយ៉ាងហោចណាស់៩ នាក់ បានស្លាប់នៅក្នុងទីក្រុងម៉ីចូវ(Meizhou) នៃខេត្តក្វាងទុង(Guangdong) និង៦នាក់ផ្សេងទៀត បានបាត់ខ្លួននៅទីនោះ ក្នុងពេលទឹកជំនន់ហក់ឡើងខ្ពស់បំផុតលើកំណត់ត្រា នៅលើទន្លេ Songyuan និង ទន្លេ Shiku ។
មជ្ឈមណ្ឌលឧតុនិយមជាតិ របស់ប្រទេសចិន នៅថ្ងៃសុក្រនេះ បានចេញការប្រកាសអាសន្នពណ៌លឿង សម្រាប់ព្យុះភ្លៀង ខណៈតំបន់ជាច្រើននៅទូទាំងប្រទេស រំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ។