
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរូម៉ានី នឹងទិញកាំភ្លើងបាញ់ផ្លោង K-9 របស់កូរ៉េខាងត្បូង ដែលមានតម្លៃ ៩២០ លានដុល្លារ ជាការទិញអាវុធដ៏ធំបំផុតរបស់ខ្លួន ក្នុង រយៈពេល ៧ឆ្នាំ។
កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik និងសមភាគីរូម៉ានី Angel Tilvar ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Shin ទៅកាន់ប្រទេសអឺរ៉ុបខាងកើតនេះ។
លោក Shin និង លោក Tilvar បានព្រមព្រៀងគ្នាថា កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង គំរាមកំហែងដល់សន្តិសុខនៃទ្វីបអឺរ៉ុប និងអាស៊ី ហើយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហានេះ គឺជាការចាំបាច់។
កាលពីខែមេសា មេដឹកនាំកូរ៉េខាងត្បូង និងរូម៉ានី បានរៀបចំកិច្ចប្រជុំកំពូលមួយ ហើយបានសន្យាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់រូម៉ានីក្នុងការទិញកាំភ្លើងបាញ់ផ្លោង K-9 បន្ទាប់ពីប្រទេសប៉ូឡូញ នឹងពង្រីកការអភិវឌ្ឍនៃឧស្សាហកម្មការពារជាតិរបស់កូរ៉េខាងត្បូង នៅក្នុងទ្វីបអឺរ៉ុប។