
រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) បានអះអាងថា ខ្លួនបានបំផ្លាញឃ្លាំងរំសេវរបស់អ៊ុយក្រែនចំនួន ៧កន្លែង ខណៈដែលអ៊ុយក្រែនបានរាយការណ៍ថា ពួកគេបានជាប់ក្នុងការប្រយុទ្ធគ្នាជាមួយទាហានរុស្ស៊ីជិត ១០០ដង នៅខ្សែត្រៀមជួរមុខ។ នេះបើយោងតាមការផ្ដល់បច្ចុប្បន្នភាពចុងក្រោយរបស់ពួកគេ ជុំវិញជម្លោះ។
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នោះ បានរាយការណ៍ថា កងទ័ពរុស្ស៊ីបានវាយរុញច្រានការវាយប្រហារចំនួន ៨ដង ដោយកងទ័ពអ៊ុយក្រែន នៅខ្សែត្រៀមជួរមុខផ្សេងៗគ្នា ហើយបានបើកការវាយលុកជាច្រើន ដោយបានបំផ្លាញទីលានអាវុធ និងឃ្លាំងអាវុធចំនួន៧ ព្រមទាំងគ្រឿងយុទ្ធោបករណ៍ផ្សេងៗ ដូចជារថពាសដែក រថយន្តប្រយុទ្ធថ្មើរជើង ស្ថានីយរ៉ាដាអេឡិចត្រូនិក និងកាំភ្លើងបាញ់ផ្លោង។ ជាមួយគ្នានេះ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែត HIMARS ចំនួន ២១គ្រាប់ និងយានដ្រូន ៧៤គ្រឿង។
នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញរបាយការណ៍មួយ ដោយប្រាប់ឲ្យដឹងថា មានការប្រយុទ្ធគ្នាចំនួន ៩៦ដង នៅខ្សែត្រៀមជួរមុខ នាព្រហស្បតិ៍នោះ ហើយកងទ័ពរុស្ស៊ី បានបន្តប្រើប្រាស់មីស៊ីល និងយានដ្រូន ដើម្បីវាយប្រហារកងទ័ពអ៊ុយក្រែនពីទិសដៅជាច្រើន៕