
ការវាយប្រហារដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់ទាហានជាង ១០០នាក់ នៅមូលដ្ឋានទ័ពមួយក្នុងប្រទេសប៊ួគីណាហ្វាសូ បានបង្កឲ្យមានប៉ាន់ស្មានអំពីភាពចលាចល នៅក្នុងកងកម្លាំងសន្តិសុខ នៅក្នុងប្រទេសដែលយោធា បានកាន់អំណាច តាំងពីឆ្នាំ ២០២២មកម្ល៉េះ។
ចាប់តាំងពីពេលនោះមក មេដឹកនាំរបបយោធា បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ក្នុងគោលបំណងលុបបំបាត់ពាក្យចចាមអារ៉ាមទាំងនោះ។
ប្រទេសប៊ួគីណាហ្វាសូ បានប្រយុទ្ធជាមួយក្រុមបះបោរឥស្លាមអស់រយៈពេលជាច្រើនឆ្នាំ ហើយប្រហែលពាក់កណ្តាលប្រទេស គឺស្ថិតនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាល។
ក្រុមជីហាដ Jamaat Nusrat al-Islam wal-Muslimin (JNIM) បាននិយាយថា ខ្លួននៅពីក្រោយការវាយប្រហារកាលពីថ្ងៃអង្គារសប្តាហ៍មុន នៅទីក្រុង Mansila ភាគខាងជើង។
នៅថ្ងៃបន្ទាប់ មានការផ្ទុះមួយនៅជិតស្ថានីយរបស់ទូរទស្សន៍រដ្ឋ។
យោងតាមរបាយការណ៍ជាច្រើន បុរសប្រដាប់អាវុធ បានវាយប្រហារមូលដ្ឋានយោធា ដែលមានទីតាំងនៅជិតព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី ១១ ខែមិថុនា។
របាយការណ៍ បាននិយាយថា ទាហានប្រហែល ១០០នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន ដោយបន្ថែមថា ជនស៊ីវិលរាប់រយនាក់ បានភៀសខ្លួនចេញពីទីក្រុង Mansila ទៅកាន់ទីក្រុងជិតខាង ដើម្បីសុវត្ថិភាព។