ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា និងទទួលថវិកាសរុបចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបន្ទូលសួរសុខទុក្ខ និងព្រះរាជអំណរគុណពី ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមឧកញ៉ាកម្ពុជា និងសប្បុរសជនទាំងអស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណ ចំពោះការបរិច្ចាគដ៏សប្បុរស ដោយស្ម័គ្រចិត្តគ្រប់ពេលវេលារបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ចំពោះកាកបាទក្រហមកម្ពុជា និងបានផ្តល់កិត្តិយសអញ្ជើញមកប្រគល់ថវិកាដោយផ្ទាល់នាពេលនេះ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមគំនិតបង្កើត សមាគមឧកញ៉ាកម្ពុជានេះឡើង ដោយមានលក្ខន្តិកៈ មានបទបញ្ជាផ្ទៃក្នុង និងមានឯកសណ្ឋានប្រកបដោយកិត្តិយស បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ បានសម្ពោធ និងមានព្រះរាជក្រឹត្យ ទទួលស្គាល់ជាផ្លូវការថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងសកម្មភាពផ្សេងៗទៀតដើម្បីប្រយោជន៍ដល់សង្គមជាតិ។ ជាក់ស្តែងខ្សែវីដេអូខ្លី ស្តីពីសកម្មភាពដ៏រស់រវើករបស់សមាគម គឺជាសក្ខីភាព នៃការខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កំណើនការងារ ពាណិជ្ជកម្ម និងការវិនិយោគ។ ជាមួយគ្នានេះ ឧកញ៉ា តែងតែបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវប្បធម៌ចែករំលែក ដើម្បីសេចក្តីសុខរបស់ប្រជាជន តាមរយៈព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង, រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងនោះបានចូលរួមកសាងនូវសមិទ្ធផលជាច្រើន បម្រើឱ្យសង្គមជាតិ, ចូលរួមជួយក្នុងពេលមានគ្រោះមហន្តរាយទឹកជំនន់ រាំងស្ងួត, យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងក្នុងឧបទ្ទវហេតុផ្សេងៗ។
នៅក្នុងឱកាសដ៏ប្រពៃនេះដែរ ប្រធានសមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងអំណគុណយ៉ាងខ្ពង់ខ្ពស់ បំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា បាននាំយកថវិកាចំនួន $1,555,555 ដុល្លារអាម៉េរិកបរិច្ចាគជូន កាកបាទក្រហមកម្ពុជា ក្នុងនោះថវិការបស់សមាគមឧកញ៉ាផ្ទាល់ចំនួន $111,167 ដុល្លារអាម៉េរិក ក្រៅពីនោះគឺបានពីការកៀងគរ ពីសមាជិក សមាជិកា ចំនួន៧២នាក់ ដើម្បីប្រគល់ជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី161 ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8ឧសភា 2024។
គួររំលឹកផងដែរថា កាលពីឆ្នាំ2023 សមាគមឧកញ៉ាកម្ពុជា បានប្រមូលនិងប្រគល់ថវិកាចំនួន $1,343,000 ជូនកាកបាទក្រហមកម្ពុជា ផងដែរ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាគមឧកញ៉ាកម្ពុជា ក៏មានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធ ដើម្បីជូននូវពានមាស ឧកញ៉ារបស់ សមាគមឧកញ៉ាកម្ពុជា ដែលជាពានដ៏វិចិត្រ និងមានអត្ថន័យធំធេង សម្រាប់សមាគមឧកញ៉ាកម្ពុជា ដើម្បីជាការដឹងគុណដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ចំពោះការលះបង់ សព្វបែបយ៉ាង ក្នុងបុព្វហេតុមនុស្សធម៌ សុខុមាលភាព និង ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់ គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោល នយោបាយ យុទ្ធសាស្ដ្របញ្ចកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន៕
អត្ថបទៈ សំ ងីម























