
កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដណ្តើមកាន់កាប់ទីក្រុងយុទ្ធសាស្ត្រ អេល-ហ្វូឡា (el-Fula) ដែលជារដ្ឋធានីនៃរដ្ឋ Kordofan ខាងលិចនៃប្រទេសស៊ូដង់។
កងកម្លាំង RSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានគ្រប់គ្រងទាំងស្រុងនូវទីក្រុង el-Fula ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងជារដ្ឋធានីនៃរដ្ឋ West Kordofan ។
សាក្សីម្នាក់ បានប្រាប់សារព័ត៌មានស៊ីនហួថា ការប្រឈមមុខដាក់គ្នា បានចាប់ផ្តើម កាលពីថ្ងៃពុធរវាង RSF និងអង្គភាពនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ដែលឈរជើងនៅក្នុងមូលដ្ឋានយោធាមួយ នៅជាយក្រុងនេះ។
សាក្សីនោះ បាននិយាយថា៖«ការប៉ះទង្គិចគ្នា បានឈប់នៅរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពី RSF បានកាន់កាប់យោធភូមិភាគកងទ័ព ហើយបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួន នៅទូទាំងទីក្រុង រួមទាំងលេខាធិការដ្ឋាន ស្ថាប័ន និងទីផ្សារសំខាន់របស់រដ្ឋាភិបាលរដ្ឋ West Kordofan»។
ទីក្រុង អេល-ហ្វូឡា មានតំបន់អណ្តូងប្រេងដ៏ធំ និងសំខាន់បំផុតរបស់ប្រទេសស៊ូដង់ គឺតំបន់ Heglig។
បំពង់បង្ហូរប្រេងដែលនាំចេញប្រេងរបស់ស៊ូដង់ខាងត្បូងតាមរយៈកំពង់ផែ Bashayer នៃប្រទេសស៊ូដង់ភាគខាងកើត ក៏ឆ្លងកាត់ទីក្រុងអែល-ហ្វូឡានេះ ផងដែរ។