
ប្រធានាធិបតី Joe Biden ត្រូវធ្វើឲ្យខ្លួនឯងស្ថិតក្នុងស្ថានភាពអារម្មណ៍ធូរស្រាលជាមួយជំនួយការ នៅឯកន្លែងសម្រាកកាយ Camp David អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីត្រៀមខ្លួនឡើងជជែកដេញដោលជាមួយគូប្រជែងរបស់លោក គឺលោក Donald Trump ដែលកំពុងគេចពីការរៀបចំតាមបែបប្រពៃណី ហើយជំនួសមកវិញជាមួយនឹងការពិភាក្សាគោលនយោបាយក្រៅផ្លូវការ អំឡុងពេលឈប់ធ្វើយុទ្ធនាការ។
ការឡើងទល់មុខគ្នា នៅទីក្រុង Atlanta វេលាម៉ោង ៩យប់ថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) (ត្រូវនឹងម៉ោង ១ ម៉ោងសកល នៅថ្ងៃសុក្រ ទី២១ ខែមិថុនា) នឹងក្លាយជាការជជែកដេញដោលប្រធានាធិបតីដំបូងគេបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប និងជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់បេក្ខជនទាំង២។
លោក Biden វ័យ ៨១ឆ្នាំ និងអតីតប្រធានាធិបតី លោក Trump វ័យ ៧៨ឆ្នាំ កំពុងមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា នៅក្នុងការស្ទង់មតិជាតិ ដោយអ្នកបោះឆ្នោតក្នុងចំនួនដ៏ច្រើននៅតែមិនទាន់សម្រេចចិត្ត ក្នុងរយៈពេល ៥ខែមុនការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។
តែយ៉ាងណាក្ដី ការជជែកដេញដោលគ្នានេះ នឹងផ្តល់នូវភាពផ្ទុយគ្នាស្រឡះនៃបុរសទាំង២ ជាបេក្ខជនចាស់ជាងគេបំផុតមិនធ្លាប់មាន ដែលស្វែងរកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈដែលអ្នកបោះឆ្នោតនៅតែមានមន្ទិលសង្ស័យពីអាយុ និងភាពរហ័សរហួនផ្នែកផ្លូវចិត្តរបស់ពួកគេ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Arkansas ដែលបានសរសេរសៀវភៅស្តីពីការជជែកដេញដោលប្រធានាធិបតី គឺលោក Patrick Stewart បាននិយាយថា៖ «នេះគឺជាការសាកល្បងដ៏អស្ចារ្យពីសមត្ថភាពចងចាំរបស់អ្នកទាំង២។ នេះជាឱកាសរបស់យើងដើម្បីមើលថា តើពួកគេបានចុះថយការចងចាំកម្រិតណា?»៕