អាហ្វហ្គានីស្ថាន៖ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា អាជីវកម្មខ្នាតតូចនៅទីក្រុងកាប៊ុលបានចាប់ផ្ដើមបើកដំណើរការឡើងវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយក្រុមតាលីបង់ដណ្ដើមគ្រប់គ្រងរដ្ឋធានីនេះ។

CCTV បានទៅមើលផ្សារមួយក្នុងទីក្រុងកាប៊ុល ជាកន្លែងដែលខ្លួននិយាយថា ហាងភាគច្រើនបានបើក។ ម្ចាស់ហាងខ្លះបានប្រាប់អ្នកយកព័ត៌មានថា ពួកគេព្រួយបារម្ភអំពីការបង្ហូរឈាមទ្រង់ទ្រាយធំ បន្ទាប់ពីក្រុមតាលីបង់ដណ្ដើមបាន ប៉ុន្តែមានអារម្មណ៍ធូរស្រាលនៅពេលនេះ ដោយសារស្ថានការណ៍ហាក់ដូចជាមានស្ថិរភាព។ ពួកគេសង្ឃឹមថា នឹងមានភាពស្ងប់ស្ងាត់បន្តរហូតទៅនៅក្នុងរាជធានី។ លោក Nasir Ahmad អ្នកក្រុងកាប៊ុលបាននិយាយថា “ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំនាពេលអនាគតអាចទម្លាក់អាវុធចុះ និងសម្រេចបាននូវសន្តិភាព និងស្ថិរភាព ដើម្បីឱ្យប្រជាជនអាហ្វហ្គានីស្ថានអាចរស់នៅ ក្នុងប្រទេសដែលមានសន្តិភាព៕
អត្ថបទ៖ សុខមាន