
វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី២១ ខែមិថុនា) នេះ បាននិយាយថា រុស្ស៊ីមើលឃើញពីតម្រូវការចាំបាច់ ក្នុងការមានកិច្ចពិភាក្សាសន្តិសុខជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចពិភាក្សានោះត្រូវតែ «គ្រប់ជ្រុងជ្រោយ» និងរួមបញ្ចូលទាំងប្រធានបទអ៊ុយក្រែនផងដែរ។
នៅពេលត្រូវបានសួរថា តើទីក្រុងមូស្គូត្រៀមខ្លួន ដើម្បីពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនអំពីហានិភ័យនុយក្លេអ៊ែរដែរ ឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «វាមិនអាចទៅរួចទេ ដែលដកផ្នែកពិសេសណាមួយចេញពីភាពស្មុគស្មាញទូទៅនៃបញ្ហាប្រមូលផ្តុំទាំងអស់ ហើយយើងនឹងមិនធ្វើបែបនេះជាដាច់ខាត»។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ដូច្នេះយើងបើកចំហ សម្រាប់ការសន្ទនា ប៉ុន្តែចំពោះតែកិច្ចសន្ទនាទូលំទូលំទូលាយគ្រប់ជ្រុងជ្រោយដែលគ្របដណ្តប់លើគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងនោះរួមទាំងទិដ្ឋភាពបច្ចុប្បន្នពាក់ព័ន្ធនឹងជម្លោះ ជុំវិញអ៊ុយក្រែន ដែលទាក់ទងនឹងការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះនេះ»។
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់រុស្ស៊ី ដែលថា ដោយការផ្ដល់អាវុធឲ្យអ៊ុយក្រែន ខ្លួនបានក្លាយជាអ្នកបង្កហេតុដោយផ្ទាល់នៅក្នុងសង្រ្គាមនេះ ដោយមានគោលបំណងធ្វើឲ្យមាន «ការបរាជ័យជាយុទ្ធសាស្ត្រ» យ៉ាងធ្ងន់ធ្ងរដល់ទីក្រុងម៉ូស្គូ។ សហរដ្ឋអាមេរិកនិយាយថា ការចរចាណាមួយ ជុំវិញសង្គ្រាមនេះ គឺជាបញ្ហាសម្រាប់អ៊ុយក្រែន៕