អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃសុក្រទី ២១ ខែមិថុនាថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងភាពតានតឹងរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា នៅប្រទេសលីបង់ ហើយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងធ្វើការដើម្បីធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់។

លោកបានប្រាប់អ្នកសារព័ត៌មានថា សកម្មភាពកើតមានឡើងជាញឹកញាប់ ការគិតខុស អាចបង្កឱ្យមានមហន្តរាយដែលហួសពីព្រំដែន ហើយនិយាយដោយត្រង់ទៅហួសពីការនឹកស្មាន។ សូមបញ្ជាក់ឱ្យច្បាស់ថា ប្រជាជនក្នុងតំបន់ និងប្រជាជននៅលើពិភពលោក ពុំអាចទ្រាំទ្របានឱ្យប្រទេសលីបង់ក្លាយជាតំបន់ហ្កាហ្សាមួយផ្សេងទៀតនោះទេ។

ក្រុមហេសបូឡា ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បាននឹងកំពុងបាញ់រ៉ុក្កែតទៅលើប្រទេសអ៊ីស្រាអែលក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាស ជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើងកាលពីខែតុលា ដោយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋាន នៅក្នុងប្រទេសអ៊ីស្រាអែល ជាកន្លែងដែលសម្ពាធនយោបាយកំពុងបង្កើតឱ្យមានសកម្មភាពកាន់តែតានតឹង។

ប្រជាជនលីបង់រាប់ម៉ឺននាក់ ក៏បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
បេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហេសបូឡា មានសមត្ថភាពក្នុងការការពារខ្លួននិងប្រទេសលីបង់ ប្រឆាំងអ៊ីស្រាអែល។
បេសកជនរបស់អង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់ បានបង្ហោះនៅលើបណ្តាញ X ថា ការសម្រេចចិត្តដោយមិនប្រុងប្រយ័ត្នណាមួយធ្វើឡើងដោយរបបអ៊ីស្រាអែល ដើម្បីសង្គ្រោះខ្លួនឯង អាចធ្លាក់ចូលទៅក្នុងសង្រ្គាមថ្មីមួយ។