បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនម៉ោង ប្រព័ន្ធលូបង្ហូរទឹកនៅមន្ទីរពេទ្យកុមារនៅក្រុង Oaxaca ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានបាក់ស្រុតដោយធ្វើឲ្យជន់លិចតំបន់មួយចំនួន។

ភ្លៀងធ្លាក់ ដែលជាផ្នែកមួយនៃព្យុះត្រូពិច Alberto បានវាយប្រហារប្រទេសម៉ិកស៊ិកក្នុងសប្តាហ៍នេះ ជំរុញឱ្យអាជ្ញាធរជម្លៀសអ្នកជំងឺ និងអ្នកដ៏ទៃទៀតចេញពីមន្ទីរពេទ្យ ហ្គីលឺម៉ូ ហ្សារ៉ាត មីចានហ្គូស(Guillermo Zarate Mijangos) ។
កងកម្លាំងជួយសង្គ្រោះ និងយោធា បានមកជួយមនុស្សប្រហែល៨០នាក់ រួមទាំងអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ ដែលបានជាប់គាំងខ្លួន រយៈពេលជាច្រើនម៉ោងដោយសារទឹកជំនន់។

អាជ្ញាធរ បានរាយការណ៍ថាពុំមានអ្នករងរបួសទេ ហើយអ្នកជំងឺដែលត្រូវបានជម្លៀសចេញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ផ្សេងទៀត ដើម្បីបន្តព្យាបាល។