បាត់ដំបង ៖ មេបញ្ជាការបញ្ជាការដ្ឋានរថក្រោះ បានលើកឡើងថា ចំពោះការដាក់យោធិនឱ្យចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ គឺជាការងារចូលរួម ក្នុងការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ។
ថ្លែងនៅថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញនេះ ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញ ជាគណៈអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយសជូនដល់បងប្អូនយោធិនចូលនិវត្តន៍ ចំនួន១៥នាក់ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានរថក្រោះ។
ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា បានបន្ថែមថា នៅឆ្នាំ២០២០នេះ ការដាក់យោធិនឱ្យចូលនិវត្តន៍ និងផ្ទេរយោធិនពិការចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ គឺអនុវត្តន៍ទៅតាមច្បាប់សោធននិវត្តន៍ ចំពោះយោធិនអាជីពទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុវត្តន៍គោលនយោបាយជាតិសំខាន់ៗ ដូចជា ការយកចិត្តទុកដាក់អនុវត្តគោលនយោបាយចំពោះយោធិនពលីមរណៈ ពិការបាត់បង់សមត្ថភាពការងារ យោធិនចូលនិវត្តន៍ និងអតីតយុទ្ធជននិងគ្រួសារ ដែលនេះជាការយកចិត្តទុកដាក់ដោះស្រាយជីវភាពបងប្អូនទាំងថវិកា សម្ភារៈបរិក្ខារជាបន្តបន្ទាប់។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា បានលើកឡើងថា ក្នុងនាមលោកជំនួសមុខឱ្យមេបញ្ជាការកងទ័ពជើងគោក សូមសំដែងនូវមនោសញ្ចេតនាដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលរយៈពេលកន្លងមកបានចូលរួមធើ្វពលិកម្មយ៉ាងធំធេងក្នុងចលនារំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ នៃរបបព្រៃផ្សៃយង់ឃ្នងនេះ។ ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងចលនាបង្រួបបង្រួមជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។
ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា បានបញ្ជាក់ទៀតថា ជាក់ស្តែង ពេលនេះ នៅទីនេះ យើងកំពុងបានអនុវត្តន៍គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលយើងកំពុងធ្វើពិធីសំណេះសំណាល បំពាក់ឋានន្តរសក្ដិ គ្រឿងឥស្សរិយយស បន្ថែមមួយថ្នាក់ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកឆ្នាំ២០២០នេះ៕











