យោងតាមមន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារករណីគ្រឿងស្រវឹងមានសារធាតុពុល នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់យ៉ាងហោចណាស់៥១នាក់ ហើយមនុស្សជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចាប់តាំងពីថ្ងៃពុធមក មនុស្សជាង ១៥០នាក់ ដែលមានអាការក្អួត ឈឺពោះ និងរាគ ត្រូវការការព្យាបាល បន្ទាប់ពីបានផឹកស្រាលាយជាមួយសារធាតុមេតាណុល។

ផលិតផលនេះ ត្រូវបានផលិតឡើងនៅក្នុងស្រុក កាឡាគូរីឈី(Kallakurichi) មានចម្ងាយប្រហែល ១៥០ ម៉ាយ ពីរដ្ឋធានីរដ្ឋចេនណៃ(Chennai)។ រដ្ឋាភិបាលរដ្ឋ បាននិយាយថា នគបាល បានចាប់ខ្លួនមនុស្ស៤នាក់ពីបទលក់ស្រាខុសច្បាប់ និងបានរឹបអូសស្រានោះ។ រដ្ឋាភិបាល និយាយថា ខ្លួនបានចាត់វិធានការវិន័យចំពោះមន្ត្រីចំនួន១០នាក់ ជុំវិញការខកខានមិនបានទប់ស្កាត់ឧបទ្ទវហេតុនេះ។

អ្នកស្លាប់ដោយសារគ្រឿងស្រវឹងផលិតខុសច្បាប់ ដែលគេស្គាល់ក្នុងស្រុកថា «ស្រាមានតម្លៃថោក» គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដោយសារមនុស្សជាច្រើនពុំមានលទ្ធភាពទិញស្រាមានម៉ាកយីហោ។ សាធារណជន និងសកម្មជន បានអំពាវនាវម្តងហើយម្តងទៀត ឲ្យមានការបង្ក្រាបអ្នកលក់ស្រាប្រភេទនេះ។
រដ្ឋាភិបាល នៅក្នុងរដ្ឋ Tamil Nadu បាននិយាយថា ខ្លួនកំពុងចាត់វិធានការដើម្បីកំណត់អត្តសញ្ញាណអ្នកដែលជាប់ពាក់ព័ន្ធក្នុងការផលិតមេតាណុល ជាសារធាតុគីមីពុល ដែលជាធម្មតាប្រើសម្រាប់គោលបំណងឧស្សាហកម្ម។
ការបូជាសពទ្រង់ទ្រាយធំ បានធ្វើឡើងរួចហើយ ហើយក្រុមគ្រួសារបានធ្វើពិធីសាសនាចុងក្រោយ។ មនុស្សរាប់សិបនាក់ បានស្លាប់កាលពីឆ្នាំមុននៅក្នុងឧបទ្ទវហេតុដូចគ្នានេះនៅក្នុងសង្កាត់មួយជិតរដ្ឋ Tamil Nadu ។