នគរបាលរដ្ឋ Arkansas សហរដ្ឋអាមេរិក បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងនៅរដ្ឋ Arkansas កាលពីថ្ងៃសុក្រ ដោយបានសម្លាប់ជនស៊ីវិល ៣នាក់ និងរងរបួស ១០នាក់ផ្សេងទៀត រួមទាំងមន្ត្រីនគរបាលពីរនាក់។

នាយកនគរបាល រដ្ឋ Arkansas លោក Mike Hagar បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ជនសង្ស័យ បានរងរបួសនៅក្នុងការបាញ់ប្រហារជាមួយនគរបាល ហើយត្រូវបានចាប់ខ្លួន។
ការបាញ់ប្រហារ បានកើតឡើងនៅហាងលក់គ្រឿងទេស ម៉េត បាត់ឈ័រ(Mad Butcher) ក្នុងទីក្រុងហ្វ័ដៃស៍(Fordyce) ជាទីក្រុងមានមនុស្សចំនួន៣.២០០នាក់ ។

អភិបាលរដ្ឋ លោកស្រី Sarah Huckabee Sanders បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកស្រី ត្រូវបានគេរាយការណ៍អំពីឧប្បត្តិហេតុនេះ។ រូបភាពវីដេអូ បានបង្ហាញពីអង្គភាពសេវាសង្គ្រោះបន្ទាន់ ស្ថិតនៅជុំវិញតំបន់ដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅផ្សារទំនើប Arkansas ។
នគរបាលនិយាយថា ជាអកុសល យើងអាចបញ្ជាក់បានថា ជនស៊ីវិលស្លូតត្រង់ចំនួន១១នាក់ត្រូវបានគេបាញ់ ហើយបីនាក់ក្នុងចំណោមនោះបានស្លាប់។ មន្ត្រីអនុវត្តច្បាប់ពីរនាក់ បានរងរបួសនៅក្នុងការបាញ់តជាមួយខ្មាន់កាំភ្លើង ខណៈជនសង្ស័យក៏ត្រូវបានបាញ់ឲ្យរងបួស និងត្រូវបានចាប់ខ្លួន។
នគរបាល ពុំបានពន្យល់អំពីស្ថានការណ៍នៃការបាញ់ប្រហារនោះទេ ហើយមន្ត្រីនគរបាលដែលរងរបួស និងជនសង្ស័យ ត្រូវបានគេរំពឹងថានៅមានជីវិត បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីពេទ្យ។