អង្គការអុកស្វាម កាលពីរសៀលថ្ងៃទី២១ មិថុនា ឆ្នាំ២០២៤ បានរៀបចំវេទិកាថ្នាក់ជាតិស្តីពី កិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា» ដែលប្រព្រឹត្តិទៅ ក្រោមវត្តមានរបស់ ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម បានមានប្រសាសន៍ថា បន្ទាប់ពីបើកការស្រាវជ្រាវកន្លងមក បានឲ្យឃើញពីចំណុចមួយចំនួនដែលខ្វះខាត ទើបអង្គការត្រូវបន្តសហការជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុនបញ្ជាទិញ អ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថា កម្មករនិយោជិតនៅតាមរោងចក្រម៉ៅការដេរបន្តទទួលបានការងារសមរម្យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គមដូចគ្នាទៅនឹងកម្មករនិយោជិតធ្វើការនៅតាមរោងចក្រសហគ្រាសដែលបានចុះបញ្ជីរការដែរ។ ខណៈរោងចក្រកាត់ដេរបន្ត ដើរតួនាទីមួយផ្នែកក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ដែលផ្តល់ឱកាសការងារដល់កម្មករនិយោជិត (ស្រ្តី) ជាច្រើននាក់នៅទូទាំងប្រទេស។ លោកស្រី បន្តថា រោងចក្រទាំងនេះ ភាគច្រើនជាខ្នាតតូច ដែលមានជំនាញជាក់លាក់ទៅលើផ្នែកនានានៃចង្វាក់ផលិតកម្មកាត់ដេរ ចាប់ពីការដេររហូតដល់ការតុបតែងដើម្បីបំពេញតម្រូវការផ្សេងៗ របស់អតិថិជនជាសកល។
នៅក្នុងវេទិកា ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាល នឹងពិនិត្យមើលលើរបាយការណ៍គោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា» ដើម្បីជាធាតុចូលសម្រាប់ការសម្រេចចិត្តលើគោលនយោបាយពាក់ព័ន្ធ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ មានកម្មករនិយោជិតចំនួនប្រមាណ ៩៥ម៉ឺននាក់ នៅតាមរោងចក្រទូទាំងប្រទេស។ ក្នុងអំឡុង ៥ខែ ឆ្នាំ២០២៤នេះ ការនាំចេញពីវិស័យកាត់ដេរស្បែកជើង និងសម្ភារៈធ្វើដំណើរមានទំហំទឹកប្រាក់ប្រមាណ ៥,៥ពាន់លានដុល្លារ ដែលកើនឡើងក្នុងអត្រា ២៤% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣កន្លងទៅ។
សូមជម្រាបជូនថា បន្ទាប់ពីបញ្ចប់វេទិកាកិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា» អង្គការ អុកស្វាម នឹងផលិតរបាយការណ៍ រួចដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិចារណាស្វែងរកកិច្ចអន្តរាគមន៍ផ្នែកគោលនយោបាយ និងការកែលម្អលទ្ធភាពនានា ដើម្បីធានាការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មករនិយោជិត (ស្ត្រី) នៅក្នុងរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា៕អត្ថបទ ឈិត បូរ៉ាវី







