ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការ និងសាសនា បានអំពាវនាវ និងប្រគេនដល់គណៈសង្ឈទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់នៅកម្ពុជា ត្រូវបន្លឺសម្លេងផ្គរ ជួងកងរំពង នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២០ ខែសីហាខាងមុខនេះឲ្យបានគ្រប់វត្ត និងគ្រប់វិហារ ដើម្បីដាស់តឿនក្រើនរំលឹកដល់អ្នកដែលនៅរស់កុំធ្វេសប្រហែសភ្លេចខ្លួន ឲ្យរងគ្រោះដោយកកូវីដ ១៩ ក៏ដូចជាអំពើជួញដូរមនុស្សជាដើម។
យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ដែលទូរទស្សន៍BTVទទួលបាននារសៀលថ្ងៃទី១៨ ខែសីហានេះបានថ្វាយ ប្រគេន និងជូនដំណឹងដល់សម្តេចព្រះសង្ឈនាយកទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់សាសនា និងលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវសហការគ្នាជាមួយថ្នាក់ដឹកនាំសាសនាធំៗទាំងអស់ ក្នុងប្រទេសកម្ពុជាដើម្បីរៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោកទទួលបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើបនោះ។
សេចក្តីណែនាំបានបញ្ជាក់ឲ្យដឹងទៀតថា កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពស់ខ្ពស់បំផុត អានសុន្ទរកថាបើកកម្មវិធី ក្រោមប្រធានបទ«សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស»(ដែលនឹងថតវិដេអូដោយស្ថានីយ៍ទូរទស្សន៍) មុននឹងភ្ជាប់រូបភាពបួងសួងតាមសាសនានីមួយៗ ហើយនឹងត្រូវចាក់ផ្សាយព្រមៗគ្នា គ្រប់ប៉ុស្តិ៍ទូរទ្សន៍រដ្ឋ និងឯកជននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញព័ត៌មាន និងបណ្តាញសង្គមផ្សេងៗជាដើម។
សេចក្តីណែនាំបានលើកឡើងទៀតថាដើម្បីញាំងកម្មវិធីនេះ បានជ្រួតជ្រាប់ដល់គ្រប់សន្ទាប់មហាជនទាំងក្នុង និងក្រៅប្រទេស ក្រសួងធម្មការ និងសាសនា សូមស្នើសុំ និងប្រគេនដល់«គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវពន្លឺសម្លេងផ្គរ ជួងកងរំពង នៅវេលាម៉ោង៦ ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ គ្រប់វត្តអារាម និងព្រះវិហារគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាយើង»។
សូមបញ្ជាក់ផងដែរថា ការស្នើសុំ និងប្រគេនដល់ព្រះសង្ឈ និងគ្រប់សាសនាទាំងអស់ឲ្យមានការទួងផ្គរ ជួងនេះ គឺក្នុងគោលបំណងនៃការប្រារព្វពិធីដូចជា ឧទ្ទឹសកុសលជូនអ្នកដែលស្លាប់ទៅដោយមិនបានធ្វើបុណ្យតាមប្រពៃណីសាសនា ។ដាស់តឿនក្រើនរំលឹកអ្នកដែលនៅរស់កុំធ្វេសប្រហែសភ្លេចខ្លួន ឲ្យរងគ្រោះដោយកកូវីដ ១៩ ក៏ដូចជាដោយអំពើជួញដូរមនុស្ស។ និងការចូលរួមពីគ្រប់សាសនាក្នុងការចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគាំទ្រកម្លាំងកាយចិត្ត ស្មារតី សម្ភារ ថវិកា ដល់គ្រូពេទ្យ កងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋដែលរងគ្រោះ និងជួបការលំបាកជាដើម៕អត្ថបទ ៖ ចក់