ទីក្រុងប៉េកាំង បានព្រមានកាលពីថ្ងៃសុក្រថា ការរីកធំនៃជម្លោះជាមួយសហភាពអឺរ៉ុប ជុំវិញការនាំចូលរថយន្តអគ្គិសនី អាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម ខណៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ បានមកដល់រដ្ឋធានីរបស់ប្រទេសចិន ដោយមានការដំឡើងពន្ធកាន់តែខ្ពស់ នៅក្នុងរបៀបវារៈរបស់លោក។

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក Robert Habeck ទៅកាន់ប្រទេសចិន គឺជាលើកទីមួយធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អឺរ៉ុប ចាប់តាំងពីទីក្រុងប្រ៊ុចសែល បានស្នើតំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនី ផលិតដោយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងការឧបត្ថម្ភធនច្រើនហួសប្រមាណ។ ការបន្ថែមពន្ធនេះ បានបណ្តាលឲ្យមានវិធានការប្រឆាំងតបតពីសំណាក់ប្រទេសចិន និងមានការរិះគន់យ៉ាងចាស់ដៃពីមេដឹកនាំចិន។

នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន បានជំរុញឱ្យទីក្រុងប៉េកាំងដំឡើងពន្ធលើរថយន្តដែលប្រើប្រេងសាំងនាំចូលពីអឺរ៉ុប ហើយរដ្ឋាភិបាល បានចាប់ផ្តើមការស៊ើបអង្កេតលើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុបក្នុងការសងសឹកចំពោះចំណាត់ការរបស់គណៈកម្មការសហភាពអឺរ៉ុប។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ភាគីអឺរ៉ុប បន្តធ្វើឲ្យរីកធំជម្លោះពាណិជ្ជកម្ម ហើយអាចនឹងបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម។
ទំនួលខុសត្រូវ គឺស្ថិតនៅលើភាគីអឺរ៉ុបទាំងស្រុង។ សេចក្តីថ្លែងការណ៍ និយាយថា ដោយមានការស៊ើបអង្កេតរបស់ខ្លួន ភាគីអឺរ៉ុប បាន បំភិតបំភ័យ និងបង្ខិតបង្ខំសហគ្រាសចិន ដែលបានគំរាមកំហែងឲ្យអនុវត្តអត្រាពន្ធខ្ពស់ដោយមានការផាកពិន័យ និងទាមទារព័ត៌មាន ទូលំទូលាយពេក។