ព្រះសីហនុ៖ រយៈពេលពីរ/បី ថ្ងៃក្នុងសហ្តហ៍ទី៣ ខែមិថុនានេះ នៅខេត្ដព្រះសីហនុ ផ្ទៃមេឃអួរអាប់បង្កឱ្យមានភ្លៀងធ្លាក់រហូតលាយឡំនិងខ្យល់ ទើបនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុ ជូនសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរតាមជលយានក្នុងលម្ហសមុទ្រ។
យោងសេចក្តីជូនដំណឹងបន្ថែម របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ស្ដីពីស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុ បានជូនព័ត៌មានថា ធាតុអាកាសចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ ទទួលឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា បានកំពុងតែមានឥទ្ធិពល កម្រិតមធ្យម និងធ្វើឱ្យខ្យល់បក់ខ្លាំងពីឈូងសមុទ្រ។
ស្ថានភាពបែបនេះ ធ្វើឱ្យពពកច្រើនដេរដាស សីតុណ្ហភាពពី ២៦អង្សារសេ ទៅ ២៩អង្សារសេ ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី ១ម៉ែត្រ ទៅ ៤ម៉ែត្រក្នុង ១វិនាទី វា បង្កឱ្យមានភ្លៀង ផ្គរ រន្ទះកម្រិតពីតិចទៅច្រើនលើសពីកម្រិតធម្មតា ក្នុងបរិមាណជាមធ្យមពី ២០% ទៅ ៣០% និងមានខ្យល់ខ្លាំងក្នុងល្បឿនពី ១០ម៉ែត្រទៅ ១២ម៉ែត្រក្នុង ១វិនាទី រលកសមុទ្រមានកម្ពស់ពី ០,៨ម៉ែត្រ ទៅ ១,២ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជានេសាទ បងប្អូនរស់នៅតាមបណ្តោយឆ្នេរសមុទ្រ បងប្អូនភ្ញៀវទេសចរ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ជាមធ្យម ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
ទាក់ទិនទៅនឹងការប្រែប្រួលធាតុអាកាសនេះ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានបញ្ជាក់ប្រាបបន្ថែមថា ស្ថានភាពធាតុអាកាសបែបនេះ វា គ្រាន់តែធ្វើឱ្យមានភ្លៀងច្រើន មានការរំខានខ្លះ តែវា មិនអាក្រក់ណាស់ណាទេ រដ្ឋបាលមន្ទីរគ្រាន់តែជូនដំណឹងបន្ថែមដល់អ្នករស់នៅតាមឆ្នេរសមុទ្រ អ្នកដំណើរតាមសមុទ្រ ឱ្យយកចិត្ដទុកដាក់ និងមានការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាព។ ចំពោះចរាចរណ៍ (ការធ្វើដំណើរ) លើផ្ទៃសមុទ្រ គឺនៅដំណើរការធម្មតា។ រដ្ឋបាលមន្ទីរ នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាស និងជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលបន្ថែមទៀត។



