នៅព្រំដែនអ៊ីស្រាអែល-ហ្កាហ្សា ពោលគឺមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីគ្រួសារប៉ាឡេស្ទីនដែលកំពុងអត់ឃ្លាន មានអាហាររាប់រយដាក់តម្រៀបនៅលើបន្ទះក្ដារក្រោមពន្លឺព្រះអាទិត្យ ដោយមានរាប់ចាប់ពីកញ្ចប់បាយរហូតដល់ផ្លែចេក។

សម្រាប់សប្តាហ៍កន្លងមកនេះ ទោះបីជាយោធារបស់អ៊ីស្រាអែល បាន និងកំពុងអនុវត្តផ្អាកការប្រយុទ្ធគ្នាពេលថ្ងៃ នៅលើផ្លូវលាតសន្ធឹងដ៏សំខាន់មួយ ហួសតែបន្តិចពីចំណុចឆ្លងកាត់ Kerem Shalom ក៏ដោយ ក៏ភ្នាក់ងារមនុស្សធម៌ បាននិយាយថា ពួកគេនៅតែជួបការលំបាកក្នុងការផ្ដល់ជំនួយសំខាន់ៗទៅកាន់ភាគខាងត្បូងតំបន់ហ្កាហ្សា។ ពួកគេបន្ទោសពីការកើនឡើងនូវភាពគ្មានច្បាប់ទម្លាប់ ដែលធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់ដល់ការប្រមូល និងការផ្លាស់ទីជំនួយផ្គត់ផ្គង់ទាំងអស់នោះ។

ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ (UN) ប្រចាំតំបន់ហ្កាហ្សា គឺលោក Georgios Petropoulos និយាយថា៖ «ការលួចប្លន់បានក្លាយទៅជារឿងដ៏ធ្ងន់ធ្ងរខ្លាំង»។ កាលពីថ្ងៃអង្គារសប្តាហ៍មុន លោកប៉ាន់ប្រមាណថា ជំនួយផ្គត់ផ្គង់ ៣ភាគ៤ នៅលើរថយន្តដឹកទំនិញដែលចូលពីផ្លូវឆ្លងកាត់ ត្រូវបានលួច។ មន្ត្រី UN និយាយថា រថយន្តទាំងនោះត្រូវបានវាយប្រហារ និងបញ្ឈប់ជាប្រព័ន្ធដោយក្រុមប្រដាប់អាវុធ ជាពិសេសបារីរត់ពន្ធ ដែលត្រូវបានលក់ក្នុងទីផ្សារងងឹត នៅហ្កាហ្សា ក្នុងបរិមាណដ៏ច្រើនលើសលប់ ហើយរថយន្តដឹកប្រេងចូលក្នុងតំបន់ហ្កាហ្សា ក៏ត្រូវបានកំណត់គោលដៅផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីការវាយលុកយោធារបស់អ៊ីស្រាអែល បានបំបាត់រដ្ឋបាលរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា មិនទាន់មានផែនការបំពេញអំណាចនៅទំនេរនេះនោះនៅឡើយទេ។ មានមន្ត្រីនគរបាលប៉ុន្មាននាក់ប៉ុណ្ណោះដែលទុកឲ្យធ្វើការងារក្នុងទឹកដីប៉ាឡេស្ទីន។
ក្នុងដំណើរទស្សនៈកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកន្លែងឆ្លងកាត់ Kerem Shalom ស្ថាប័នយោធាអ៊ីស្រាអែលដែលទទួលខុសត្រូវលើប្រតិបត្តិការច្រកឆ្លងកាត់នេះ គឺ Cogat បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនមិនបានកំណត់ចំនួនជំនួយដែលអាចចូលទៅក្នុងតំបន់ហ្កាហ្សានោះទេ។ អ្នកនាំពាក្យរបស់ Cogat លោក Shimon Freedman បានចោទប្រកាន់ UN ដែលជាអ្នកផ្គត់ផ្គង់ជំនួយដ៏សំខាន់នៅតំបន់ហ្កាហ្សាថា មានរថយន្តដឹកទំនិញមិនគ្រប់គ្រាន់ ក៏ដូចជាតម្រូវការ ក្នុងការ «បង្កើនកម្លាំងមនុស្ស បន្ថែមម៉ោងធ្វើការ បង្កើនកន្លែងស្តុក ហើយនិងចាត់វិធានការផ្នែកដឹកជញ្ជូន និងចាត់តាំងផ្សេងទៀត៕