រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បានប្រាប់មន្ត្រីចិនក្នុងទីក្រុងប៉េកាំងថា ការដំឡើងពន្ធរបស់សហភាពអឺរ៉ុប (EU) លើទំនិញរបស់ប្រទេសចិន មិនមែនជាការដាក់ទណ្ឌកម្មនោះឡើយ។

គួរញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Habeck ទៅកាន់ប្រទេសចិននេះ គឺជាលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់អឺរ៉ុប ចាប់តាំងពីទីក្រុងប្រ៊ុចសែល បានស្នើឡើងនូវកាតព្វកិច្ចបង់ពន្ធខ្ពស់លើការនាំចូលរថយន្តអគ្គិសនី (EV) ដែលផលិតដោយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែល EU ចាត់ទុកការឧបត្ថម្ភធនហួសកម្រិត។

ហើយនៅមុនការធ្វើដំណើរទៅដល់របស់លោក ប្រទេសចិន កាលពីថ្ងៃសុក្រ (ទី២១ ខែមិថុនា) បានព្រមានថា ការកើនឡើងនូវជម្លោះជាមួយ EU ជុំវិញរថយន្ត EV អាចបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម។
នៅក្នុងសម័យប្រជុំពេញអង្គដំបូងនៃកិច្ចសន្ទនាស្តីពីអាកាសធាតុ និងការផ្លាស់ប្តូរ លោក Habeck បាននិយាយថា៖ «វាមានសារៈសំខាន់ណាស់ ក្នុងការយល់ថា ទាំងនេះមិនមែនជាពន្ធដាក់ទណ្ឌកម្មនោះឡើយ»។ រដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះបានកត់សម្គាល់ថា ប្រទេសជាច្រើន ដូចជាសហរដ្ឋអាមេរិក ប្រេស៊ីល និងទួរគី បានប្រើប្រាស់ការដំឡើងពន្ធដាក់ទណ្ឌកម្ម ប៉ុន្តែមិនមែន EU នោះទេ។ លោកបានសង្កត់ធ្ងន់ថា៖ «អឺរ៉ុបធ្វើខុសគ្នាពីនោះ»។
លោកបានបន្តថា វិធានការប្រឆាំងនឹងកាតព្វកិច្ចណាមួយ ដែលកើតចេញពីការពិនិត្យយ៉ាងល្អិតល្អន់របស់ EU «មិនមែនជាការដាក់ទណ្ឌកម្មនោះទេ» ដោយលោកបានបន្ថែមថា វិធានការបែបនេះ គឺមានគោលបំណងប៉ះប៉ូវអត្ថប្រយោជន៍ដែលទីក្រុងប៉េកាំងបានផ្ដល់ដល់បណ្ដាក្រុមហ៊ុនទាំងនោះ៕